កាតាអះអាងថា កិច្ចប្រឹងប្រែងការទូតរវាងអាមេរិក និងអ៊ីរ៉ង់ នៅតែបន្ត ទោះគ្មានការចរចាផ្ទាល់ (Video inside)
04-08-2026 21:14
(ដូហា)៖ ក្នុងនាមជាអ្នកសម្របសម្រួល ប្រទេសកាតា បានបញ្ជាក់នៅថ្ងៃអង្គារថា ការស្វែងរកដំណោះស្រាយការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ កំពុងបន្តដំណើរការទៅមុខ បើទោះបីជាបច្ចុប្បន្នមិនទាន់មានផែនការចរចាដោយផ្ទាល់រវាងភាគីទាំងពីរក៏ដោយ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសកាតា បានបញ្ជាក់ថា ការចរចាបច្ចុប្បន្នផ្តោតសំខាន់លើ «ដំណោះស្រាយរយៈពេលខ្លី» ដើម្បីបន្ធូរបន្ថយភាពតានតឹង និងការបើកច្រកសមុទ្រហ័រមូសឡើងវិញ ដែលនឹងត្រួសត្រាយផ្លូវទៅរកកិច្ចព្រមព្រៀងដ៏ធំមួយ។ លោកបន្ថែមថា កាតាកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសអូម៉ង់ និងប៉ាគីស្ថានដើម្បីជួយសម្របសម្រួលការផ្លាស់ប្តូរសារ និងសេចក្តីព្រាងរវាងអាមេរិក និងអ៊ីរ៉ង់។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមបន្តការចរចាតាមសំណើរបស់បណ្តាប្រទេសអារ៉ាប់ ប៉ុន្តែលោកបានព្រមានថា នេះគឺជា «ឱកាសចុងក្រោយ» សម្រាប់ទីក្រុងតេហេរ៉ង់។ លោក ត្រាំ ក៏បានរំពឹងថា ច្រកសមុទ្រហ័រមូស អាចនឹងបើកដំណើរការឡើងវិញនៅថ្ងៃស្អែកផងដែរ។
ទោះជាយ៉ាងណា ភាពចម្រូងចម្រាសនៅតែមាន ខណៈក្រសួងការបរទេសអ៊ីរ៉ង់បានបដិសេធដាច់អហង្ការកាលពីថ្ងៃចន្ទ ថាមិនមានការចរចាណាមួយជាមួយទីក្រុងវ៉ាស៊ីនតោនកំពុងប្រព្រឹត្តទៅនោះឡើយ៕




