អ៊ីរ៉ង់ទាមទារសិទ្ធិគ្រប់គ្រងនាវាចូល និងត្រួតពិនិត្យនាវាចេញនៅច្រកសមុទ្រហ័រមូស (Video inside)
04-08-2026 21:29
(ឌូបៃ)៖ ប្រភពជាន់ខ្ពស់អ៊ីរ៉ង់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារថា ទីក្រុងតេហេរ៉ង់ កំពុងទាមទារសិទ្ធិគ្រប់គ្រងទាំងស្រុងលើនាវាដែលធ្វើដំណើរចូលច្រកសមុទ្រហ័រមូស និងទាមទារសិទ្ធិត្រួតពិនិត្យ និងធ្វើអន្តរាគមន៍លើនាវាដែលធ្វើដំណើរចេញ។ លក្ខខណ្ឌនេះកំពុងត្រូវបានពិភាក្សាជាមួយប្រទេសអូម៉ង់ដើម្បីឈានទៅបើកផ្លូវទឹកដ៏សំខាន់នេះឡើងវិញ។
យោងតាមប្រភព គន្លងនាវាធ្វើដំណើរចេញនឹងត្រូវកំណត់ឱ្យរត់ចន្លោះកណ្តាលអ៊ីរ៉ង់ និងអូម៉ង់ ដោយនាវាត្រូវសុំការអនុញ្ញាតពីអូម៉ង់ បន្ទាប់ពីបានជូនដំណឹងដល់អ៊ីរ៉ង់ជាមុនសិន។ ប្រភពបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ទំនងជានឹងមិនប្តូរជំហរដ៏រឹងត្អឹងនេះឡើយ។
គួរបញ្ជាក់ថា កាលពីខែកក្កដា អ៊ីរ៉ង់ទើបតែបានច្រានចោលសំណើរបស់អូម៉ង់ ដែលចង់បែងចែកការគ្រប់គ្រងផ្លូវទឹកស្មើគ្នា ដោយអ៊ីរ៉ង់អះអាងថាវាមិនទាន់អាចធានាសុវត្ថិភាពបានទេ ដរាបណាតំបន់នេះមិនទាន់មានសន្តិភាពយូរអង្វែង។ ការគ្រប់គ្រងច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ ២០ភាគរយនៃពិភពលោក បានក្លាយជាឧបសគ្គដ៏ធំបំផុតនៅក្នុងការចរចាបញ្ចប់សង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីច្រកនេះត្រូវបានបិទខ្ទប់ស្ទើរតែទាំងស្រុងតាំងពីខែកុម្ភៈមកម្ល៉េះ៕




