កប៉ាល់ឥណ្ឌាមួយគ្រឿង លិចនៅសមុទ្រក្រហមក្បែរប្រទេសយេម៉ែន ក្រោយរងការវាយប្រហារ (Video inside)
05-08-2026 14:07
(ញូវដែលី)៖ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនផ្លូវទឹកនៃប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា កប៉ាល់របស់ខ្លួន១គ្រឿង បានស្ថិតក្រោមការវាយប្រហារ នៅក្បែរឆ្នេរប្រទេសយេម៉ែន ហើយក៏បានលិច ប៉ុន្តែនាវិកទាំង១៤នាក់ ដែលធ្វើដំណើរលើនោះ ត្រូវបានជួយសង្រ្គោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោករដ្ឋមន្រ្តី Sarbananda Sonowal បាននិយាយថា នាវិកសរុប១៤នាក់ ក្នុងនោះ១៣នាក់ជាជនជាតិឥណ្ឌា ត្រូវបានជួយសង្រ្គោះដោយឆ្មាំសមុទ្រយេម៉ែន ហើយត្រូវបាននាំទៅកាន់កំពង់ផែ Mokha បន្ទាប់ពីកប៉ាល់ពាណិជ្ជកម្ម ដោតទង់ជាតិឥណ្ឌា ឈ្មោះ MSV Faize Noore Oliya បានលិចនៅក្នុងតំបន់សមុទ្រក្រហម។
ក្រសួងដឹកជញ្ជូនយេម៉ែន ដែលជាផ្នែកនៃរដ្ឋាភិបាលគាំទ្រដោយអារ៉ាប៊ីសាអូឌីត និងមានការទទួលស្គាល់ជាអន្តរជាតិ បានចោទក្រុមហ៊ូទីយេម៉ែន ដែលគាំទ្រដោយអ៉ីរ៉ង់ថា ជាអ្នកនៅពីក្រោយការវាយប្រហារកប៉ាល់ឥណ្ឌានោះ ដោយប្រើទូកបំពាក់គ្រឿងផ្ទុះ។ ក្រសួងការបរទេសឥណ្ឌា បានឱ្យដឹងថា ខ្លួនកំពុងសហការជាមួយអាជ្ញាធរយេម៉ែន។
គួរបញ្ជាក់ថា ចរាចរណ៍នៅសមុទ្រក្រហម ត្រូវបានរំខាននៅក្បែរឆ្នេរយេម៉ែន ដោយសារក្រុមហ៊ូទី ដែលចង់បិទខ្ទប់ការនាំចេញរបស់អារ៉ាប៊ីសាអូឌីត ខណៈទង្វើនេះ គឺជាការពង្រីកបន្ថែមទៀត នូវសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ដែលបានបង្កបញ្ហារាំងស្ទះរួចស្រេចទៅហើយនោះ ចំពោះលំហូរប្រេងនៅច្រកសមុទ្រ Hormuz៕





