នីហ្សេរីយ៉ា ដំឡើងប្រាក់ខែដល់៨០ភាគរយឱ្យកងទ័ព ខណៈបន្តប្រឈមបញ្ហាសន្តិសុខជាច្រើន (Video inside)
05-08-2026 15:50
(អាប៊ូហ្សា)៖ កាលពីថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ការិយាល័យប្រធានាធិបតីនីហ្សេរីយ៉ា បានប្រកាសថា ប្រធានាធិបតី លោក Bola Tinubu បានអនុម័តការដំឡើងប្រាក់ខែ ដល់៨០ភាគរយ សម្រាប់សមាជិកកងកម្លាំងប្រដាប់អាវុធ ដែលជាវិធានការមួយ ដើម្បីលើកទឹកចិត្តនិងបង្កើនសុខុមាលភាពកងទ័ព ស្របពេលដែលប្រទេសអាហ្រ្វិកមួយនេះ បន្តប្រឈមមុខជាមួយការបះបោរ អំពើប្លន់ប្រដាប់អាវុធ និងសកម្មភាពចាប់ជំរិត ជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការដំឡើងប្រាក់ខែកងទ័ពនេះ គឺកើតមានឡើងចំពេលដែលនីហ្សេរីយ៉ា បន្តព្យាយាមដោះស្រាយបញ្ហាប្រឈមសន្តិសុខជាច្រើន នៅតាមតំបន់ខុសៗគ្នា។ ក្រុមសកម្មប្រយុទ្ធផ្សេងៗ ដូចជាពួក Boko Haram និង ISWAP នៅតែបន្តធ្វើសកម្មភាពវាយប្រហារ នៅឯតំបន់ភាគឦសានប្រទេស ខណៈក្រុមជនពាលប្រដាប់អាវុធ ដែលត្រូវបានចាត់ទុកជាពួកចោរព្រៃ បន្តធ្វើសកម្មភាព នៅតាមតំបន់ភាគពាព្យ។ ទន្ទឹមគ្នានោះ អំពើចាប់ជំរិតយកប្រាក់ បានរីករាលដាលខ្លាំងនៅម្តុំភាគខាងជើងនិងភាគកណ្តាលប្រទេសនីហ្សេរីយ៉ា ខណៈកងកម្លាំងសន្តិសុខ ក៏ប្រឈមផងដែរ ជាមួយអំពើហិង្សាពាក់ព័ន្ធពួកផ្តាច់ខ្លួន តែមិនសូវញឹកញាប់ នៅឯភាគអាគ្នេយ៍។
យោងតាមសេចក្តីថ្លែងការណ៍របស់ទីប្រឹក្សាប្រធានាធិបតីលោក Bayo Onanuga នៅក្រោមរចនាសម្ព័ន្ធប្រាក់បៀវត្សរ៍ថ្មី ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែកញ្ញា មន្ត្រីយោធាមានឋានន្តរស័ក្តិខ្ពស់ជាងវរសេនីយ៍ឯក ដែលរួមទាំងក្រុមឧត្តមសេនីយ៍ នឹងទទួលបានការដំឡើងប្រាក់ខែ ៣០ភាគរយ។ រីឯមន្រ្តីមានឋានៈចាប់ពីវរសេនីយ៍ឯកដល់ព្រឹន្ទបាលឯក នឹងទទួលបានការដំឡើង៥០ភាគរយ ហើយទាហានចាប់ពីឋានៈក្រោមព្រឹន្ទបាលឯកចុះទៅ គឺនឹងទទួលបានការដំឡើង៨០ភាគរយ។ កញ្ចប់ថវិកាថ្មីនេះ នឹងបង្កើនចំណាយប្រចាំឆ្នាំ សម្រាប់ប្រាក់បៀវត្សរ៍កងកម្លាំងប្រដាប់អាវុធ ដល់៩២៤ពាន់លានណៃរ៉ា ឬស្មើនឹង៦៧៨,៦៨ លានដុល្លារ ពី៦៦០ពាន់លានណៃរ៉ា (ខ្ទង់៤៨៤លានដុល្លារ)។
គួរបញ្ជាក់ថា រដ្ឋាភិបាលនីហ្សេរីយ៉ាបន្តបន្ទាប់គ្នា បានជួបការលំបាកក្នុងការគ្រប់គ្រងបញ្ហាអសន្តិសុខ ទោះបីជាការដាក់ពង្រាយកងទ័ព និងការចំណាយលើយោធា មានការកើនឡើងក៏ដោយ។ លោក Tinubu ធ្លាប់អះអាងថា រដ្ឋបាលរបស់លោក នឹងបន្តផ្តោតអាទិភាពចំពោះសុខុមាលភាពកងទ័ព ហើយធ្វើទំនើបកម្មកងកម្លាំងយោធា ជាមួយនឹងអាវុធក៏ដូចជាបច្ចេកវិទ្យាដែលចាំបាច់ ដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខ៕






