នាយករដ្ឋមន្រ្តីថ្មីអង់គ្លេស លោក Andy Burnham កំពុងពិចារណាអនុញ្ញាតឱ្យមានការស៉ើបអង្កេតជាសាធារណៈ ពាក់ព័ន្ធសំណុំរឿងអាស្រូវផ្លូវភេទ Jeffrey Epstein (Video inside)

05-08-2026 16:17

(ឡុងដ៏)៖ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការជនរងគ្រោះរបស់អង់គ្លេស បានប្រាប់សារព័ត៌មាន BBC ថាលោកនាយករដ្ឋមន្រ្តី Andy Burnham កំពុងពិចារណាអនុញ្ញាត ឱ្យមានការស៉ើបអង្កេតជាសាធារណៈមួយ ពាក់ព័ន្ធពិរុទ្ធជន Jeffrey Epstein ដែលត្រូវបានកាត់ទោសពីបទល្មើសផ្លូវភេទ និងសកម្មភាពនានានៃពិរុទ្ធជនរូបនេះ នៅក្នុងចក្រភពអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦។

លោកស្រី Alex Davies-Jones បញ្ជាក់ថាលោកនាយករដ្ឋមន្រ្តី Burnham នឹងជួបជនរងគ្រោះក្នុងសំណុំរឿង Epstein ហើយការស៉ើបអង្កេតជាសាធារណៈ អាចធ្វើឡើងបន្ទាប់ពីនោះ។

ជិត ៧ឆ្នាំក្រោយការស្លាប់ រឿងអាស្រូវពាក់ព័ន្ធពិរុទ្ធជន Epstein បានធ្វើឱ្យស្ថាប័នកំពូលៗអង់គ្លេស កក្រើកយ៉ាងខ្លាំង ដោយនាំឱ្យមានការចាប់ខ្លួនលោក Andrew Mountbatten-Windsor ដែលជាប្អូនប្រុសរបស់ព្រះមហាក្សត្រ Charles និងលោក Peter Mandelson អតីតឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិក។

ប៉ូលិសអង់គ្លេស កំពុងស៉ើបអង្កេតលើសំណុំរឿងមួយចំនួន ដែលពាក់ព័ន្ធនឹងពិរុទ្ធជន Epstein ដោយបទល្មើស អាចមានរាប់ចាប់ពីការរំលោភបំពានផ្លូវភេទលើកុមារ រហូតដល់ការជួញដូរស្ត្រី តាមរយៈអាកាសយានដ្ឋានក្នុងអង់គ្លេស និងការប្រព្រឹត្តខុសក្នុងតួនាទីជាមន្ត្រីសាធារណៈ។ តាមលោកស្រី Davies-Jones ការស៉ើបអង្កេតជាសាធារណៈណាមួយ ក៏អាចពិនិត្យមើលផងដែរ លើការចោទប្រកាន់ប្រឆាំងនឹងមហាសេដ្ឋីជនជាតិអេហ្ស៉ីប លោក Mohamed al-Fayed ដែលបានទទួលមរណភាពហើយ និងជាបុគ្គលសាធារណៈម្នាក់ទៀត ដែលត្រូវចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងការបំពានផ្លូវភេទលើជនរងគ្រោះរាប់រយនាក់៕