សំណើកិច្ចព្រមព្រៀងថ្មី អាចនឹងផ្តល់សិទ្ធិឱ្យអ៊ីរ៉ង់គ្រប់គ្រងនាវាចូលច្រកសមុទ្រហ័រមូស (Video inside)

05-08-2026 20:54

(ឌូបៃ)៖ ប្រភពជាន់ខ្ពស់ពីអ៊ីរ៉ង់ និងមន្ត្រីក្នុងតំបន់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធថា សេចក្តីព្រាងកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងអូម៉ង់ នឹងអនុញ្ញាតឱ្យទីក្រុងតេហេរ៉ង់​ មានសិទ្ធិគ្រប់គ្រងលើនាវាដែលធ្វើដំណើរចូលទៅកាន់ឈូងសមុទ្រ តាមរយៈច្រកសមុទ្រហ័រមូស ដែលនេះចាត់ទុកជាការធ្វើសម្បទានដ៏ធំបំផុតមួយសម្រាប់អ៊ីរ៉ង់។

ទោះបីជាអាមេរិក និងអូម៉ង់ ហាក់បានយល់ព្រមតាមការទាមទាររបស់អ៊ីរ៉ង់ (ក្នុងការឱ្យគ្រប់គ្រងនាវាចូល) ក៏ដោយ ប៉ុន្តែប្រភពទាំងនោះបានច្រានចោលការអះអាងរបស់លោក ត្រាំ ដែលថា «កិច្ចព្រមព្រៀងនេះជិតនឹងសម្រេចបានក្នុងពេលឆាប់ៗនេះ»។ ពួកគេបញ្ជាក់យ៉ាងច្បាស់ថា ដំណើរការចរចានៅមិនទាន់ចប់ទេ ព្រោះនៅសល់ចំណុចសំខាន់ៗជាច្រើនទៀតដែលភាគីទាំងសងខាងមិនទាន់អាចឯកភាពគ្នាបាន។ ប្រភពក្នុងតំបន់បានបង្ហើបថា នៅមានភាពមិនច្បាស់លាស់ជុំវិញនិយមន័យនៃពាក្យ «គ្រប់គ្រង» នេះ ខណៈអ្នកចរចានៅតំបន់ឈូងសមុទ្រទាមទារឱ្យមានការត្រួតពិនិត្យរួមគ្នា និងទាមទារឱ្យការបង់ថ្លៃសេវាជាការស្ម័គ្រចិត្ត។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះផ្តល់សិទ្ធិឱ្យអ៊ីរ៉ង់គ្រប់គ្រងលើនាវាដែលធ្វើដំណើរចូល ប៉ុន្តែចំណុចចម្រូងចម្រាសគឺស្ថិតត្រង់ថា តើអ៊ីរ៉ង់នឹងមានតួនាទីអ្វីលើនាវាដែលធ្វើដំណើរចេញ។ បច្ចុប្បន្ន ទីក្រុងវ៉ាស៊ីនតោនមិនទាន់មានការឆ្លើយតបជុំវិញព័ត៌មានបែកធ្លាយនេះនៅឡើយទេ។

គួររំលឹកថា កន្លងមក មន្ត្រីអាមេរិកតែងតែប្រឆាំងដាច់ខាតមិនឱ្យអ៊ីរ៉ង់គ្រប់គ្រងផ្លូវពាណិជ្ជកម្មថាមពលដ៏សំខាន់នេះឡើយ។ ប៉ុន្តែថ្មីៗនេះ លោក ត្រាំ ហាក់កំពុងប្រញាប់ប្រញាល់ចង់បានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ខណៈការស្ទាបស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើនមិនគាំទ្រសង្គ្រាមដែលលោកបានចាប់ផ្តើមកាលពីខែកុម្ភៈនេះទេ៕