លីបង់រាយការណ៍ថាមនុស្សម្នាក់ស្លាប់ និង ១១នាក់របួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង
05-08-2026 23:03
(បេរូត)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើភាគខាងត្បូងប្រទេសលីបង់ នៅថ្ងៃពុធ ទី០៥ សីហា ឆ្នាំ២០២៦ បានសម្លាប់មនុស្សម្នាក់ និងរបួស ១១នាក់។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។
ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បានបញ្ជាក់ថា អ៊ីស្រាអែលបានវាយប្រហារចំកន្លែងបួងសួងនៃទីបញ្ចុះសពមួយកន្លែង ក្នុងទីប្រជុំជន Tibnin។ ទាក់ទងនឹងបញ្ហានេះ យោធាអ៊ីស្រាអែលអះអាងថា ខ្លួនគ្រាន់តែវាយប្រហារសងសឹកទៅនឹង «ការរំលោភបទឈប់បាញ់របស់ក្រុមហេសបូឡា» តែប៉ុណ្ណោះ។ ការប៉ះទង្គិចនេះកើតឡើងត្រឹមតែមួយថ្ងៃ ក្រោយជំនួបចរចារវាងអ៊ីស្រាអែល និងលីបង់នៅទីក្រុងរ៉ូម។
មុនការវាយប្រហារ យោធាអ៊ីស្រាអែលបានចេញសារព្រមានតាមអនឡាញឱ្យពលរដ្ឋនៅភូមិ Mansouri ជម្លៀសខ្លួនចេញជាបន្ទាន់ ដើម្បីបើកផ្លូវឱ្យកងទ័ពខ្លួនបង្ក្រាបក្រុមហេសបូឡា។ គួររំលឹកថា កាលពីចុងខែមិថុនា អ៊ីស្រាអែលបានកាត់យកភូមិនេះធ្វើជា «តំបន់ទ្រនាប់សុវត្ថិភាព» (Buffer Zone) របស់ខ្លួន ទោះបីជាមានកសិករលីបង់មួយចំនួននៅបន្តចេញចូលដើម្បីប្រកបរបរក៏ដោយ។
គួរបញ្ជាក់ថា បើទោះបីជាប្រទេសទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀងសន្តិសុខដែលសម្របសម្រួលដោយអាមេរិក កាលពីចុងខែមិថុនាក្តី ប៉ុន្តែអ៊ីស្រាអែលនៅតែប្រកាន់ជំហររក្សាកងទ័ពនៅភាគខាងត្បូងលីបង់ ដើម្បីទប់ស្កាត់ការគំរាមកំហែងពីក្រុមហេសបូឡាដដែល៕




