អាមេរិក ដកទណ្ឌកម្មដែលដាក់លើក្រុមហ៊ុនអាកាសចរណ៍ Fly Baghdad របស់អ៉ីរ៉ាក់ (Video inside)
06-08-2026 12:02
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកបានដកទណ្ឌកម្ម ដែលដាក់លើក្រុមហ៊ុនអាកាសចរណ៍ Fly Baghdad របស់អ៉ីរ៉ាក់ និងដែលអាមេរិកធ្លាប់ចោទប្រកាន់ថា មានទំនាក់ទំនងជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
កាលពីខែមករា ឆ្នាំ២០២៤ ទីក្រុងវ៉ាស៉ីនតោន បានដាក់ Fly Baghdad Airlines យន្តហោះ និងម្ចាស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ចូលទៅក្នុងបញ្ជីទណ្ឌកម្ម ដោយចោទប្រកាន់ថា ពួកគេបានផ្តល់ការគាំទ្រដល់កងកម្លាំង Quds របស់ IRGC និងក្រុម Proxy របស់ខ្លួន នៅក្នុងប្រទេសអ៉ីរ៉ាក់ ស៉ីរី និងលីបង់។ នៅក្នុងការធ្វើបច្ចុប្បន្នភាព ក្រសួងការបរទេសអាមេរិកថាទណ្ឌកម្មលើក្រុមហ៊ុន និងយន្តហោះ ២គ្រឿងរបស់ Fly Baghdad Airlines ត្រូវបានដកចេញ ប៉ុន្តែរក្សាទុកទណ្ឌកម្មលើម្ចាស់ក្រុមហ៊ុន គឺលោក Basheer Abdulkadhim Alwan al-Shabbani ដដែល។
មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ AFP ថា Fly Baghdad Airlines បានឱ្យឃើញពីការផ្លាស់ប្តូរធំក្នុងដំណើរការប្រតិបត្តិ ហើយបន្ទាប់ពីឆ្លងកាត់ការពិនិត្យឡើងវិញ ពីសំណាក់ផ្នែករដ្ឋបាលរបស់ក្រសួង ទណ្ឌកម្មត្រូវបានដកចេញ។ មន្រ្តីដដែលបន្ថែមថា ការដកទណ្ឌកម្មនេះ មិនមែនជាសញ្ញានៃការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះរដ្ឋាភិបាលអ៉ីរ៉ង់ កងកម្លាំង Qods នៃឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC អង្គការភេរវកម្ម ឬបុគ្គលណាមួយដែលគាំទ្រ ឬធ្វើសកម្មភាពជំនួសឱ្យភាគីទាំងនោះឡើយ៕




