មេដឹកនាំកំពូលវៀតណាម គ្រោងបំពេញទស្សនកិច្ចនៅអូស្រ្តាលីនិងនូវែលសេឡង់ ដើម្បីពង្រឹងភាពជាដៃគូ

06-08-2026 16:53

(ហាណូយ)៖ នាសប្តាហ៍ក្រោយ លោក To Lam ប្រធានាធិបតីវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្ត នឹងទៅកាន់ប្រទេសអូស្រ្តាលី និងនូវែលសេឡង់ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជំរុញភាពជាដៃគូ ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី៦​ ខែសីហា ឆ្នាំ២០២៦។

តាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាម ដំណើរនេះចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែសីហា ប៉ុន្តែមិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់ សម្រាប់ប្រទេសនីមួយៗទេ។ ចាប់តាំងពីក្លាយជាអគ្គលេខាធិការបក្ស នៅឆ្នាំ២០២៤ លោក Lam បានអនុវត្តការធ្វើដំណើរការទូតយ៉ាងមមាញឹក។

នៅឆ្នាំ ២០២៤ វៀតណាមបានដំឡើងកម្រិតទំនាក់ទំនង ជាមួយអូស្ត្រាលីទៅជាកម្រិតខ្ពស់បំផុត ដោយមានបំណង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាកាសធាតុ បរិស្ថាន ថាមពល ការពារជាតិ សន្តិសុខ ទំនាក់ទំនងសេដ្ឋកិច្ច និងការអប់រំ។ គេរំពឹងថា អំឡុងដំណើរទស្សនកិច្ចរបស់លោក Lam វៀតណាម និងអូស្ត្រាលី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១២ ទៅ ១៦ គ្របដណ្តប់លើវិស័យនានា ដូចជាការអប់រំ ការផ្លាស់ប្តូរឌីជីថល កសិកម្ម និងសុខាភិបាល។

នៅឯនូវែលសេឡង់ ក្រុមមន្ត្រីរំពឹងថានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៥ ទៅ ៦។ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសទាំងពីរ មានគោលបំណងពង្រឹង ទំនាក់ទំនងលើវិស័យស្បៀងអាហារ និងវត្ថុធាតុដើមពីកសិផល ការអប់រំ ទេសចរណ៍ បច្ចេកវិទ្យា អាកាសចរណ៍ និងការវិនិយោគ ដើម្បីគាំទ្រដល់ការនាំចេញ និងការបង្កើតការងារបន្ថែមទៀត៕