«Healthy China» ជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដែលផ្តោត​លើ​សុខភាព​របស់​ប្រជាជន ​១៤០០ ​លាន​នាក់

06-08-2026 17:40

(ប៉េកាំង)៖ «សុខភាពគឺលេខ១ អ្វីៗផ្សេងទៀតគឺលេខ០ ដែលនៅពីក្រោយ បើគ្មានលេខ១ ទេ នោះអ្វីៗវាស្មើនឹងសូន្យ» នេះជាប្រសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនថ្លែងក្នុងអំឡុងពេលអញ្ជើញចុះត្រួតពិនិត្យការងារនៅខេត្ត Fujian កាលពីខែមីនា ឆ្នាំ២០២១ ដែលបានរំលេចពីតួនាទីគន្លឹះនៃសុខភាព និងជាការចង្អុលបង្ហាញទិសដៅណែនាំ សម្រាប់ការកសាង «ប្រទេសចិនដែលមានសុខភាពល្អ» (Healthy China)។

នៅក្នុងផែនការអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិន ការអភិវឌ្ឍវិស័យសុខាភិបាលស្ថិតក្នុងឋានៈជាមូលដ្ឋានគ្រឹះ ដែលបានផ្សារភ្ជាប់ជាមួយនឹងយុទ្ធសាស្ត្រជាតិទាំងមូល ហើយដើរតួនាទីជាអ្នកទ្រទ្រង់។ ក្នុងន័យនេះ យើងអាចយល់ដឹងបានថា រដ្ឋាភិបាលចិនបានចាត់ទុកការអភិវឌ្ឍវិស័យសុខាភិបាលនិងសុខភាពប្រជាជនជាអាទិភាពបំផុតមួយក្នុងចំណោមវិស័យអាទិភាពរបស់ជាតិ។

ដើម្បីជំរុញលើកទឹកចិត្តឱ្យប្រជាជនគ្រប់រូបចូលរួមយុទ្ធសាស្ត្រអភិវឌ្ឍន៍ស្តីពី «សុខភាពជាអាទិភាព» និងដើម្បីរំលឹកដល់ ការរៀបចំដោយជោគជ័យនូវការប្រកួតកីឡាអូឡាំពិកប៉េកាំងឆ្នាំ២០០៨ រដ្ឋាភិបាលចិនបានសម្រេចចិត្តបង្កើត «ទិវាជាតិសម្រាប់ការហាត់ប្រាណ» នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០០៩ ហើយបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រើប្រាស់ ក្នុងការហាត់ប្រាណបានលេចចេញជារូបរាងជាបន្តបន្ទាប់ នៅតាមសហគមន៍រស់នៅនិងតាមទីកន្លែងសាធារណៈឬតាមសួននានា ដែលបង្កើតបានជា «រង្វង់ហាត់ប្រាណ១០ នាទី»ដែលមានន័យថា ដើរតែ១០ នាទីក៏អាចទៅដល់កន្លែងហាត់ប្រាណដែលនៅជុំវិញផ្ទះ។

ក្រៅពីការជំរុញលើកទឹកចិត្តឱ្យប្រជាជនគ្រប់រូបហាត់ប្រាណ រដ្ឋាភិបាលចិនក៏បានផ្តោតសំខាន់លើការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលជាបន្តបន្ទាប់ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងវិស័យសុខាភិបាល ដែលជាការច្នៃប្រឌិតថ្មីនិងជារបកគំហើញថ្មីដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការថែទាំសុខភាពនិងព្យាបាលជំងឺ។ សេវាកម្មសុខាភិបាលដែលគ្របដណ្តប់ទូទាំងប្រទេស បានធ្វើឱ្យប្រជាជនចំនួន៩៥% ទទួលបានសេវាកម្មរបបសន្តិសុខសង្គម ដែលផ្តល់ភាពងាយស្រួលនិងជួយសម្រាលបន្ទុកអ្នកជំងឺ។ ម៉្យាងទៀត ស្របនឹងកម្រិតជីវភាពរបស់ប្រជាជន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ប្រជាជនភាគច្រើនបានប្តូរទម្លាប់ពី«ពេលមានជំងឺធ្ងន់ចាំទៅពេទ្យ»មកជាការពិនិត្យសុខភាពនិងថែទាំសុខភាពជាប្រចាំដើម្បីកាត់បន្ថយការឈឺថ្កាត់។

ប្រជាជនមានសុខភាពល្អ សន្ទស្សន៍សុខភាពក៏បានកើនឡើងជាលំដាប់។ ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២៥ អាយុរំពឹងរស់ជាមធ្យម របស់ប្រជាជនចិនបានកើនឡើង៣.៨៥ ឆ្នាំ ពោលគឺឡើងដល់៧៩.២៥ ឆ្នាំ ដែលនាំមុខគេក្នុងចំណោមប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសដែលមានចំនួនប្រជាជនលើសពី១០០ លាននាក់ ហើយបើតាមគោល​ដៅដែលលើកឡើងក្នុង«ផែនការ៥ ឆ្នាំទី១៥ (២០២៦-២០៣០)» អាយុរំពឹងរស់ជាមធ្យមរបស់ប្រជាជនចិន នឹងឡើងដល់៨០ ឆ្នាំនៅឆ្នាំ២០៣០ ហើយនៅឆ្នាំ២០៣៥ នឹងសម្រេចការកសាង«ប្រទេសចិនដែលមានសុខភាពល្អ»ក្នុងគោលបំណងលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយ នូវកម្រិតសុខភាពរបស់ប្រជាជន ដើម្បីក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការសម្រេចបាន នូវការធ្វើទំនើបកម្មតាមបែបផែនចិន។

គួររំលឹកថា ក្នុងដំណើរការនៃការកសាង«ប្រទេសចិនដែលមានសុខភាពល្អ» គឺមិនត្រឹមតែផ្តោតលើការលើកកម្ពស់ កម្រិតសុខភាពរបស់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការគាំពារសុខភាព របស់មនុស្សជាតិទាំងមូលផងដែរ។ ផលិត​ផលសុខភាពសាធារណៈជាច្រើន របស់ប្រទេសចិនដូចជាបរិក្ខារវេជ្ជសាស្ត្រវៃឆ្លាត និងវេជ្ជសាស្ត្របុរាណចិនជាដើមបានជួយលើកកម្ពស់ សមត្ថភាពវិនិច្ឆ័យរោគនិងព្យាបាលជំងឺ របស់ស្ថាប័នសុខាភិបាលនៃប្រទេសជាច្រើន ពិសេសប្រទេសសកលខាងត្បូង។

លើសពីនេះទៅទៀត ខណៈពេលដែលពិភពលោករង ការយាយីពីជំងឺរាតត្បាតសកល ដូចជាជំងឺកូវីដ-១៩ ជាដើម វ៉ាក់សាំងនិងឱសថចិនបានក្លាយជាផលិតផលសុខភាពសាធារណៈ ដែលរួមចំណែកសំខាន់សម្រាប់ការបង្ការនិងព្យាបាលជំងឺឆ្លង ដែលបានជួយសង្គ្រោះអាយុជីវិតរបស់មនុស្សរាប់មិនអស់ ស្របតាមគំនិតផ្តួចផ្តើមសហគមន៍សុខភាពរួមសម្រាប់មនុស្សជាតិ ដែលលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន។

គោលនយោបាយអភិបាលកិច្ចជាតិរបស់បក្សកុម្មុយនីស្តចិន គឺ«ប្រជាជនជាមជ្ឈិម» ពោលគឺធ្វើអ្វីៗដើម្បីប្រជាជន។ ការដែលជំរុញលើកទឹកចិត្តឱ្យប្រជាជនគ្រប់រូបនាំគ្នាហាត់ប្រាណ និងការផ្តល់សេវាកម្មសុខាភិបាលដែលមានប្រសិទ្ធភាពខ្ពស់ និងប្រជាជនគ្រប់រូបសុទ្ធតែអាចទទួលបាន មិនត្រឹមតែជាការលើកកម្ពស់កម្រិតសុខភាព និងជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការពង្រឹងមូលដ្ឋានគ្រឹះនៃប្រទេសជាតិឱ្យកាន់តែរឹងមាំផងដែរ។

ការសម្រេចបាននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ស្តីពីការកសាង «ប្រទេសចិនដែលមានសុខភាពល្អ»ដែលធ្វើឱ្យប្រជាជន១៤០០ លាននាក់មានសុខភាពល្អ ព្រមទាំងចែករំលែកផលិតផលសុខភាពសាធារណៈ ជាមួយពិភពលោកប្រកបដោយសមានចិត្ត ជាការរួមចំណែកមិនអាចខ្វះបានសម្រាប់ការគាំពារសុខភាពមនុស្សជាតិ ដើម្បីឆ្ពោះទៅរកការកសាងសហគមន៍សុខភាពរួម សម្រាប់មនុស្សជាតិ៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន