កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លី ដើម្បីព្រមានជប៉ុន និងអាមេរិក-កូរ៉េខាងត្បូង (Video inside)

06-08-2026 19:28

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានប្រកាសថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់ ធ្លាក់ចូលទៅក្នុងតំបន់សមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការបាញ់សាកល្បងចុងក្រោយនេះ គឺជាផ្នែកមួយនៃការពង្រឹងសមត្ថភាពយោធារបស់ទីក្រុងព្យុងយ៉ាង បន្ទាប់ពីកូរ៉េខាងជើងធ្លាប់បានធ្វើតេស្តប្រព័ន្ធបាញ់រ៉ុក្កែត និងមីស៊ីលផ្លោងយុទ្ធសាស្ត្រជាច្រើនលើករួចមកហើយក្នុងឆ្នាំនេះ។ ជាការឆ្លើយតប យោធាកូរ៉េខាងត្បូង និងរដ្ឋាភិបាលជប៉ុន បានប្រកាសបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសហការចែករំលែកព័ត៌មានយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។

យោងតាមអ្នកជំនាញ ការសាកល្បងមីស៊ីលលើកនេះ អាចជាការបញ្ជូនសារព្រមាន បន្ទាប់ពីលោកស្រី គីម យូចុង (Kim Yo Jong) ប្អូនស្រីរបស់លោក គីម ជុងអ៊ុន ទើបតែបានរិះគន់យ៉ាងខ្លាំងចំពោះប្រទេសជប៉ុន ដែលបានបាញ់សាកល្បងមីស៊ីល Tomahawk របស់អាមេរិក។ ម្យ៉ាងវិញទៀត ការបាញ់មីស៊ីលនេះ ក៏ធ្វើឡើងស្របពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងត្រៀមរៀបចំសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕