អគ្គិភ័យឆាបឆេះបំផ្លាញឧទ្យានជាតិ Mount Bromo នៅឥណ្ឌូណេស៊ីអស់ជាង ៦០ហិកតា (Video inside)
06-08-2026 20:25
(ប្រូបូលីងហ្គោ)៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ភ្លើងឆេះព្រៃបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងឧទ្យានជាតិ ភ្នំប្រូម៉ូ (Mount Bromo) តាំងពីថ្ងៃចន្ទមកម្ល៉េះ ដោយបានបំផ្លាញផ្ទៃដីយ៉ាងហោចណាស់ ៦០ហិកតា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ភ្នំ Bromo ស្ថិតនៅក្នុងខេត្តជ្វាខាងកើត (East Java) គឺជាភ្នំភ្លើងសកម្មមួយក្នុងចំណោមភ្នំភ្លើងសកម្មជាច្រើននៅក្នុងប្រទេសឥណ្ឌូណេស៊ី និងជារមណីយដ្ឋានដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ រថយន្តដឹកទឹក និងដ្រូន ដើម្បីបាញ់ទឹក និងកំណត់ទីតាំងដែលកំពុងឆាបឆេះខ្លាំង។
ទោះជាយ៉ាងណា អាជ្ញាធរបានបញ្ជាក់ថា ស្ថានភាពភូមិសាស្ត្រចោតខ្លាំងនៅចំណុចឆាបឆេះ បានធ្វើឱ្យក្រុមអ្នកពន្លត់អគ្គិភ័យជួបការលំបាកយ៉ាងខ្លាំងក្នុងការគ្រប់គ្រងស្ថានការណ៍។ បន្ថែមពីនេះ ខ្យល់បក់បោកខ្លាំង ក៏អាចនឹងធ្វើឱ្យអណ្តាតភ្លើងរាលដាលកាន់តែឆ្ងាយផងដែរ។
បច្ចុប្បន្ន មូលហេតុពិតប្រាកដដែលបណ្តាលឱ្យមានភ្លើងឆេះព្រៃ និងរបាយការណ៍អំពីជនរងគ្រោះ នៅមិនទាន់ត្រូវបានបញ្ជាក់ឱ្យដឹងច្បាស់នៅឡើយទេ។ រូបភាពវីដេអូដែលថតបានដោយ Reuters បានបង្ហាញពីផ្ទៃដីដែលត្រូវភ្លើងឆេះខ្លោច ស្លឹកឈើប្រែពណ៌ប្រផេះ និងដើមឈើជាច្រើនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ដើម្បីធានាសុវត្ថិភាព អាជ្ញាធរបានសម្រេចបិទតំបន់មួយចំនួននៃឧទ្យានជាតិមិនឱ្យភ្ញៀវទេសចរចូលទស្សនាតាំងពីថ្ងៃចន្ទមកម្ល៉េះ៕





