សូឡូម៉ុន មានបំណងស្តារទំនាក់ទំនងឡើងវិញ ជាមួយប្រទេសដៃគូប្រពៃណីរបស់ខ្លួន គឺសហរដ្ឋអាមេរិក និងអូស្ត្រាលី (Video inside)

07-08-2026 11:54

(Honiara)៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសកោះសូឡូម៉ុន លោក Rick Houenipwela បាននិយាយនាថ្ងៃសុក្រ ទី៧ ខែសីហា ថាសូឡូម៉ុនកំពុងស្តារទំនាក់ទំនងឡើងវិញ ជាមួយដៃគូប្រពៃណីនានា រួមទាំងសហរដ្ឋអាមេរិក និងអូស្ត្រាលី ខណៈរក្សាគោលនយោបាយការបរទេស ដែលប្រកាន់យកគោលការណ៍ «រាប់អានទាំងអស់គ្នា និងមិនចាត់ទុកនរណាម្នាក់ជាសត្រូវ»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Houenipwela បញ្ជាក់ថា ដៃគូមួយចំនួនដែលមានទំនាក់ទំនងយូរអង្វែង ប្រហែលជាមានអារម្មណ៍ថាខ្លួនត្រូវបានទុកចោលមួយឡែក ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីនេះ ហើយរដ្ឋាភិបាលចង់ទាក់ទាញពួកគេ ឱ្យត្រឡប់មកមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាវិញ។ នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេសកោះប៉ាស៉ីហ្វិក ក្នុងទីក្រុង Suva ប្រទេសហ្វីជី លោក Houenipwela បានប្រាប់ Reuters ថា «យើងត្រូវតែស្តារទំនាក់ទំនងឡើងវិញ»

ការលើកឡើងនេះកើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលសូឡូម៉ុន ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី លោក Matthew Wale បានធ្វើសកម្មភាពការទូតជាបន្តបន្ទាប់ នៅក្រៅប្រទេស។ អតីតរដ្ឋាភិបាលសូឡូម៉ុន បានពង្រឹងទំនាក់ទំនង និងចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសចិន ដែលធ្វើឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមានការព្រួយបារម្ភ។

លោក Wale ដែលធ្លាប់រិះគន់ចិន ទើបតែបំពេញទស្សនកិច្ចនៅអូស្ត្រាលី និងទៅកាន់ទីក្រុងវ៉ាស៉ីនតោន កាលពីខែកក្កដា។ អូស្រ្តាលី បានសន្យាពង្រឹងទំនាក់ទំនងជាមួយសូឡូម៉ុន ចំពោះមុខព្រួយបារម្ភអំពីឥទ្ធិពលរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់ប៉ាស៉ីហ្វិក។ សហរដ្ឋអាមេរិក និងសូឡូម៉ុន បានចុះហត្ថលេខាលើលិខិតមួយ ដែលបង្ហាញពីបំណងក្នុងការស្តារកម្មវិធី Peace Corps ឡើងវិញ៕