អាមេរិកនិងប្រធានអាស៊ាន អំពាវនាវឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ដោះលែងលោកស្រី អោងសាន ស៊ូជី ដោយគ្មានលក្ខខណ្ឌ (Video inside)
07-08-2026 13:40
(ម៉ានីល)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក និងប្រធានអាស៊ាន នាថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ បានអំពាវនាវជាថ្មី ឲ្យដោះលែងអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី និងអ្នកទោសនយោបាយដទៃទៀត ដោយគ្មានលក្ខខណ្ឌ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោកស្រី អោងសាន ស៊ូជី បានជួបជាមួយតំណាងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បន្ទាប់ពីមានការសង្ស័យជាច្រើនឆ្នាំមកនេះ ជុំវិញសុខភាពនិងសុខុមាលភាពរបស់លោកស្រី ចាប់តាំងពីការឃុំខ្លួន ក្រោយរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតស្របច្បាប់ ដែលដឹកនាំដោយលោកស្រី។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ក្រសួងការបរទេសអាមេរិក និងប្រធានអាស៊ាន បានស្វាគមន៍ការសួរសុខទុក្ខរបស់តំណាង ICRC ជាមួយលោកស្រី ស៊ូជី និងបានសម្តែងក្តីសង្ឃឹមថា វាជាការចាប់ផ្តើមនៃការអនុញ្ញាតឱ្យចូលជួបជាប្រចាំ ដែលរួមមានទាំងការថែទាំសុខភាព សម្រាប់ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព វ័យ៨១ឆ្នាំរូបនេះ។
ប្រធានអាស៊ាន បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «យើងជំរុញឲ្យពង្រីកបន្ថែម នូវលទ្ធភាពចូលជួបអ្នកដែលត្រូវបានឃុំខ្លួនទាំងអស់ នៅមីយ៉ាន់ម៉ា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ និងអំពាវនាវជាថ្មីឲ្យដោះលែងពួកគេ រួមទាំងការដោះលែងលោកស្រី អោងសាន ស៊ូជី ទាំងស្រុង និងគ្មានលក្ខខណ្ឌ»។
រីឯនៅក្នុងសារបង្ហោះលើបណ្តាញ X ក្រសួងការបរទេសអាមេរិក បានលើកឡើងថា «យើងសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ ជាការចាប់ផ្តើមនៃការចូលជួបមនុស្សធម៌ជាប្រចាំ សម្រាប់លោកស្រី អោងសាន ស៊ូជី និងបម្រើជាផ្លូវឆ្ពោះទៅរក ការអនុញ្ញាតឱ្យជួបកាន់តែទូលំទូលាយថែមទៀត សម្រាប់អ្នកទោសនយោបាយទាំងអស់» ហើយទីក្រុងវ៉ាស៉ីនតោន បានអំពាវនាវឲ្យមានការដោះលែងលោកស្រី ជាបន្ទាន់និងគ្មានលក្ខខណ្ឌ។
ក្រសួងការបរទេសអាមេរិក ក៏បានអំពាវនាវផងដែរ ឲ្យយោធាមីយ៉ាន់ម៉ា ចូលរួមក្នុងដំណើរការសន្ទនា ដើម្បីបញ្ចប់ជម្លោះ ដែលបានផ្ទុះឡើងក្រោយរដ្ឋប្រហារ។ ប្រធានអាស៊ានបានអះអាងជាថ្មី នូវតួនាទីនៃប្រេសិតពិសេសរបស់ប្លុកនេះ ក្នុងការចូលរួមជាមួយគ្រប់ភាគីនៅមីយ៉ាន់ម៉ា ស្របតាមផែនការសន្តិភាព ៥ចំណុចរបស់អាស៊ាន។
ជាចុងក្រោយ ហ្វីលីពីនដែលជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៦នេះ បានសង្កត់ធ្ងន់ថា ខ្លួនទន្ទឹងរង់ចាំប្រេសិតពិសេស ត្រូវបានអនុញ្ញាតឲ្យទៅទស្សនកិច្ចមីយ៉ាន់ម៉ា និងជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងលោកស្រី អោងសាន ស៊ូជី៕




