ការឆ្លងរាលដាលជំងឺអេបូឡានៅប្រទេសកុងហ្គោ បន្តកើនឡើងលើស៤០០០ករណី ក្នុងនោះស្លាប់១៨៥០នាក់ (Video inside)
07-08-2026 14:25
(គីនស្ហាសា)៖ ទិន្នន័យរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបង្ហាញថា ករណីឆ្លងជំងឺអេបូឡា នៅក្នុងប្រទេសអាហ្រ្វិកមួយនេះ បានបន្តកើនឡើងលើស ៤០០០ករណីជាលើកដំបូង អំឡុងការផ្ទុះរីករាលដាលនាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦។
ការរាតត្បាតអេបូឡាលើកនេះ ដែលធំបំផុតលំដាប់ទីពីររបស់ពិភពលោក ត្រូវបានចាត់ទុកជា ការរាលដាលយ៉ាងលឿនបំផុត មិនធ្លាប់មាន។ ក្រុមអ្នកជំនាញជឿថា ការឆ្លងបានចាប់ផ្តើមរីករាលដាលជាច្រើនខែ មុនពេលការផ្ទុះរាតត្បាត ត្រូវបានប្រកាសកាលពីថ្ងៃទី១៥ ខែឧសភា ហើយចំនួនករណីពិតជាក់ស្តែង អាចខ្ពស់ជាងតួលេខផ្លូវការទៅទៀត។
វិទ្យាស្ថានសុខភាពសាធារណៈនៃប្រទេសអាហ្វ្រិកកណ្តាលមួយនេះ បានឱ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយបង្អស់របស់ខ្លួនថា ចំនួនសរុបនៃការឆ្លង បានកើនដល់ ៤០៥៣ករណី រួមទាំងអ្នកស្លាប់១៨៥០នាក់។ ករណីនានា ត្រូវបានកត់ត្រានៅខេត្តចំនួន៥ ក្នុងប្រទេស រួមមាន Ituri, North Kivu, South Kivu, Haut-Uele និង Tshopo។
របាយការណ៍មួយ ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត Science កាលពីខែកក្កដា បានសន្និដ្ឋានថា ការផ្ទុះឡើងការឆ្លងជំងឺអេបូឡានៅកុងហ្គោ ទំនងជាបានចាប់ផ្តើម កាលពីក្នុងខែមករា ឬអាចមុននេះទៅទៀត នៅខេត្ត Ituri។ អ្នកស្រាវជ្រាវ បានកំណត់ឃើញករណីសង្ស័យជាង ៥០០ករណី រវាងពាក់កណ្តាលខែមករា និងថ្ងៃទី១៥ ខែឧសភា។
គួរបញ្ជាក់ថា ការរកឃើញយឺតយ៉ាវ កិច្ចប្រឹងប្រែងឃ្លាំមើលនិងរាយការណ៍ស្ថិតក្រោមសម្ពាធខ្លាំង បូករួមជាមួយជម្លោះយោធា កង្វះខាតវ៉ាក់សាំង និងវិធីព្យាបាល សម្រាប់អម្បូរវីរុសអេបូឡាដែលពាក់ព័ន្ធ បានអនុញ្ញាតឱ្យជំងឺនេះរីករាលដាល លឿនជាងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ នៅលើកនេះ។
យ៉ាងណាមិញ រហូតមកដល់ឥឡូវ មានតែការរាតត្បាតនៅតំបន់អាហ្វ្រិកខាងលិច កាលពីឆ្នាំ២០១៤-២០១៦ ប៉ុណ្ណោះ ដែលធំជាងនេះ ជាមួយតួលេខឆ្លងសរុបជាង ២៨០០០ករណី ត្រូវបានកត់ត្រានៅទូទាំងប្រទេសហ្គីណេ លីបេរីយ៉ា និងសៀរ៉ាឡេអូន៕






