UPDATE: ខ្មាន់កាំភ្លើងអាយុ១៤ឆ្នាំនៅថៃ បាញ់សម្លាប់យាយតាខ្លួនឯងនៅផ្ទះ មុនបើកការបាញ់ប្រហារនៅសាលារៀន សម្លាប់មនុស្ស៦នាក់ទៀត ហើយធ្វើអត្តឃាត (Video inside)
07-08-2026 14:52
(បាងកក)៖ ប៉ូលិសនៃប្រទេសថៃ បានឱ្យដឹងថា នាថ្ងៃសុក្រនេះ ខ្មាន់កាំភ្លើងក្នុងករណីបាញ់ប្រហារនៅសាលារៀនមួយ ក្បែរទីក្រុងបាងកក គឺមុនពេលនោះ ថែមទាំងបានបាញ់សម្លាប់ជីដូននិងជីតារបស់ខ្លួនផងដែរ នាំឱ្យចំនួនជនរងគ្រោះសរុប ដែលត្រូវបានរូបគេបាញ់សម្លាប់ កើនដល់៨នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦។
ប៉ូលិសថៃបាននិយាយថា ខ្មាន់កាំភ្លើងដែលជាសិស្សមានអាយុ១៤ឆ្នាំ បានបាញ់សម្លាប់តានិងយាយរបស់ខ្លួននៅផ្ទះ ដោយប្រើកាំភ្លើងរបស់តា។ បន្ទាប់មក ជននោះបានធ្វើសកម្មភាពបាញ់ប្រហារ នៅសាលារៀនស្ថិតក្នុងខេត្ត Nonthaburi ជាប់ភាគខាងជើងទីក្រុងបាងងកក បណ្តាលឱ្យគ្រូបង្រៀន៣នាក់ និងសិស្ស៣នាក់បាត់បង់ជីវិត។ រួចហើយ ខ្មាន់កាំភ្លើង ក៏បានបាញ់សម្លាប់ខ្លួនឯង។ ប៉ូលិសបានឱ្យដឹងថា ជននោះបានបាញ់សរុប២៦គ្រាប់ ហើយគ្រាប់កាំភ្លើង៣៤គ្រាប់ទៀត ត្រូវបានរកឃើញនៅកន្លែងកើតហេតុ។ មានមនុស្ស១៥នាក់ផ្សេងទៀត បានរងរបួស។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ប៉ូលិសថៃ បានបាញ់ហើយឃាត់ខ្លួនក្មេងជំទង់ម្នាក់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពបាញ់ប្រហារ នៅឯសាលារៀន ក្នុងភាគខាងត្បូងប្រទេស បណ្តាលឱ្យនាយិកាសាលានោះ បាត់បង់ជីវិត និងរងរបួសសិស្ស២នាក់៕









