កូរ៉េខាងត្បូង រកឃើញមីន១៥គ្រាប់ ដែលសង្ស័យហូរតាមទឹកជំនន់ មកពីកូរ៉េខាងជើង (Video inside)
07-08-2026 16:50
(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង បានរកឃើញមីន ១៥គ្រាប់ ដែលគេជឿជាក់ថាហូរតាមទឹកជំនន់មកពីតំបន់ព្រំដែនអន្តរកូរ៉េ ចូលក្នុងដែនដីឆ្នេរសមុទ្ររបស់ខ្លួន ដោយសារតែភ្លៀងរដូវវស្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦។
លោកស្រី Choi Young-ran ប្រធានផ្នែកការពារជនស៉ីវិលស្រុក Gwangwha នៃតំបន់ព្រំដែនភាគពាយ័ព្យប្រទេសកូរ៉េខាងត្បូង បាននិយាយថា មីន ១៥គ្រាប់ដែលសង្ស័យថាជារបស់កូរ៉េខាងជើង ត្រូវបានប្រទះឃើញនៅឆ្នេរសមុទ្រ។ លោកស្រីប្រាប់ AFP ថាវាទំនងជាត្រូវទឹកហូរនាំមកអំឡុងរដូវមូសុង និងភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗ ចន្លោះថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា។
តំបន់គ្មានយោធា ហៅកាត់ DMZ ដែលខណ្ឌចែកប្រទេសកូរ៉េទាំង ២ចាប់តាំងពីសង្គ្រាមឆ្នាំ១៩៥០-១៩៥៣ គឺជាកន្លែងមួយក្នុងចំណោមកន្លែង ដែលមានការដាក់មីនច្រើនបំផុត នៅលើពិភពលោក។ តាមទិន្នន័យយោធា ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Yonhap បានឱ្យដឹងថា មានមីនប្រហែល ៨០០ ០០០គ្រាប់ ត្រូវបានកប់ក្នុងតំបន់នោះ ដែលភាគច្រើនជាមីនសល់ពីសម័យសង្គ្រាម ប៉ុន្តែការដាក់មីនបន្ថែមទៀត ក៏នៅតែបន្តកើតមានដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីនេះ៕





