ហ្វីលីពីនប្រកាសមិនគាំទ្រការគំរាមកំហែង ក្រោយមានគេយកមឈូសប្រឆាំងចិនទៅបោះចោលនៅម៉ានីល (Video inside)

07-08-2026 20:16

(ម៉ានីល)៖ ក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃសុក្រ បានប្រកាសមិនគាំទ្រជាដាច់ខាតចំពោះការគំរាមកំហែងដោយហិង្សាលើមន្ត្រីបរទេស បន្ទាប់ពីមានការប្រទះឃើញក្តារមឈូសចំនួន ៥ ដែលមានផ្ទុកសារប្រឆាំងប្រទេសចិន ត្រូវបានគេយកមកបោះបង់ចោលនៅទីក្រុងម៉ានីល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ឆ្លើយតបនឹងទង្វើនេះ ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល បានផ្ញើសារតវ៉ាជាផ្លូវការ ដោយចាត់ទុកថាវាជា «ការញុះញង់ផ្នែកនយោបាយ» និងជំរុញឱ្យអាជ្ញាធរហ្វីលីពីនស៊ើបអង្កេតវែកមុខជនល្មើសយកមកផ្តន្ទាទោស។

ប៉ូលិសហ្វីលីពីនបានប្រទះឃើញមឈូសទាំងនោះនៅតាមទីតាំងផ្សេងៗគ្នា រួមទាំងនៅមុខស្ថានទូតចិនផងដែរ។ ក្នុងមឈូសមានផ្ទុកសារប្រឆាំងចិន និងមានបិទរូបភាពប្រធានាធិបតី លោក ស៊ី ជិនពីង​ ប្រមុខការទូត លោក វ៉ាង យី និងឯកអគ្គរដ្ឋទូតចិនប្រចាំហ្វីលីពីន អមដោយពាក្យថា «លោភលន់» ទៀតផង។មកទល់ពេលនេះ សមត្ថកិច្ចមិនទាន់កំណត់អត្តសញ្ញាណជនបង្កបាននៅឡើយទេ។

ក្រសួងការបរទេសហ្វីលីពីន បានសង្កត់ធ្ងន់ថា ទង្វើបែបនេះមិនឆ្លុះបញ្ចាំងពីគោលការណ៍ការទូតរបស់រដ្ឋាភិបាល ឬតំណាងឱ្យរបៀបតវ៉ារបស់ពលរដ្ឋហ្វីលីពីននោះទេ។ ចំណែកអ្នកនាំពាក្យស្ថានទូតចិន ក៏បានបញ្ជាក់ដែរថា ការប៉ុនប៉ងសាបព្រួសសត្រូវនេះ នឹងមិនអាចបំផ្លាញទំនាក់ទំនងប្រទេសទាំងពីរបានឡើយ។

គួររំលឹកថា ហេតុការណ៍ដ៏ចម្រូងចម្រាសនេះ កើតឡើងចំពេលដែលភាពតានតឹងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង កំពុងកើនឡើងខ្លាំង ជុំវិញការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់រវាងនាវានៃប្រទេសទាំងពីរ នៅក្នុងដែនទឹកមានជម្លោះនៃសមុទ្រចិនខាងត្បូង៕