តៃវ៉ាន់ នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្ដាមេដឹកនាំ ក្រុមប្រទេសដែនកោះប៉ាស៊ីហ្វិក (Video inside)

08-08-2026 15:25

(ស៊ីដនី)៖ ក្រុមមន្ត្រីនៃប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិក បានឱ្យដឹងថាតៃវ៉ាន់នឹងចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃបណ្ដាមេដឹកនាំប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិក ដែលនឹងរៀបចំឡើងក្នុងប្រទេសដែនកោះ Palau នៅខែសីហានេះ ដោយជម្នះលើការប្រឆាំងជំទាស់ពីចិនដែលធ្លាប់បានរារាំងមិនឱ្យ តៃវ៉ាន់ចូលរួមកិច្ចប្រជុំបែបនេះកាលពីឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

មន្ត្រីម្នាក់បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ នៅបន្ទាប់ពីក្រុមរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសដែនកោះចំនួន ១៨ ដែលជាសមាជិកវេទិកា Pacific Islands Forum បានជួបប្រជុំគ្នាក្នុងប្រទេសហ្វីជី ថាចិន និងតៃវ៉ាន់ជាដៃគូដ៏សំខាន់សម្រាប់តំបន់។ «តៃវ៉ាន់ជាដៃគូអភិវឌ្ឍដ៏សំខាន់។ តែវ៉ាន់មិនមែនជាដៃគូសន្ទនានោះទេ។ ប៉ុន្តែតៃវ៉ាន់មានទំនាក់ទំនងជាមួយជាបណ្ដាសមាជិកនៃគ្រួសារវេទិការបស់យើង»។ នេះជាការលើកឡើងរបស់លោក Baron Waqa ជាអគ្គលេខាធិការវេទិកា Pacific Islands Forum នៅឯសន្និសីទសារព័ត៌មាន។

គួរបញ្ជាក់ថា ប្រទេសដែនកោះ Palau ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា រួមទាំងប្រទេសដែនកោះ Tuvalu និង Marshall Islands ស្ថិតនៅក្នុងចំណោមដៃគូការទូតចំនួន ១២ ដែលបន្តរក្សាទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់។ ចិនបានចាត់ទុកតៃវ៉ាន់ត្រឹមតែផ្នែកមួយនៃទឹកដីរបស់ខ្លួន និងប្រឆាំងរាល់ការចូលរួមរបស់តៃវ៉ាន់ក្នុងស្ថាប័ន ឬកិច្ចប្រជុំអន្តរជាតិ ព្រមទាំងការផ្ដោះប្ដូរទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសដទៃ។ ប្រទេសជាសមាជិក Pacific Islands Forum ផ្សេងទៀតរួមមាន Nauru Kiribati និង Solomon Islands បានផ្ដាច់ ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដើម្បីងាកទៅភ្ជាប់ទំនាក់ទំនងជាមួយចិនវិញ កាលពីឆ្នាំ២០១៩។

កាលពីឆ្នាំ២០២៥ផងដែរ Solomon Islands ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ Pacific Islands Forum បានរារាំងមិនឱ្យតៃវ៉ាន់ចូលរួមប្រជុំ ជាហេតុជំរុញការអញ្ជើញប្រទេសដទៃឱ្យចូលរួម ក្នុងកិច្ចប្រជុំនៅពេលនោះក៏ត្រូវបានលុបចោលផងដែរ៕