សហរដ្ឋអាមេរិក ថ្កោលទោសសកម្មភាពចិន នៅសមុទ្រចិនខាងត្បូង (Video inside)
09-08-2026 15:51
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ បានចោទប្រកាន់ប្រទេសចិនពីបទធ្វើសកម្មភាពបង្កអស្ថិរភាព នៅក្បែរតំបន់ថ្មប៉ប្រះទឹក Scarborough ដែលមានបញ្ហាជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ដោយលើកឡើងថា ចិនកំពុងប្រើប្រាស់ការបកស្រាយផ្នែកបរិស្ថាន ដែលគ្មានភាពច្បាស់លាស់ ដើម្បីជំរុញការទាមទារទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
Scarborough គឺជាតំបន់ថ្មប៉ប្រះទឹកសម្បូរទៅដោយត្រី ដែលស្ថិតនៅចម្ងាយ ២៤០គីឡូម៉ែត្រ ពីកោះ Luzon របស់ប្រទេសហ្វីលីពីន ហើយនៅរាប់រយគីឡូម៉ែត្រពីដីគោកនៃប្រទេសចិន។ ទាំងទីក្រុងប៉េកាំងនិងទីក្រុងម៉ានីល បានដណ្តើមគ្នាទាមទារសិទ្ធិគ្រប់គ្រងលើទីនោះ។
លោក Tommy Pigott អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា «សហរដ្ឋអាមេរិកបដិសេធរាល់ការបន្តប៉ុនប៉ងរបស់ចិន ដើម្បីអនុវត្តអ្វីដែលត្រូវបានអះអាងថាជា «តំបន់អភិរក្សធម្មជាតិជាតិ» ដែលបង្កអស្ថិរភាពនៅថ្មប៉ប្រះទឹក Scarborough និងបដិសេធមិនឱ្យអ្នកនេសាទហ្វីលីពីន ចូលទៅកាន់តំបន់នេសាទជាយូរមកហើយរបស់ពួកគេ»។
លោក Pigott បានបន្តនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះគឺជាការប៉ុនប៉ងឯកតោភាគីមួយទៀតរបស់ចិន ដើម្បីប្រើប្រាស់លេសបរិស្ថាននិងច្បាប់ ដែលមិនច្បាស់លាស់ ហើយគាំទ្រដោយការបង្ខិតបង្ខំ ដើម្បីជំរុញការទាមទារទឹកដី និងដែនសមុទ្រដ៏ទូលំទូលាយរបស់ខ្លួន នៅសមុទ្រចិនខាងត្បូង ដែលរំលោភលើផលប្រយោជន៍ប្រទេសជិតខាងរបស់ខ្លួន»។
ថ្មីៗនេះ ប្រទេសចិនទើបតែបានចេញផ្សាយច្បាប់ថ្មី ស្តីពីការគ្រប់គ្រងតំបន់អភិរក្សធម្មជាតិ ដែលខ្លួនបានបង្កើតឡើងដោយឯកតោភាគី កាលពីឆ្នាំ២០២៥ នៅជុំវិញថ្មប៉ប្រះទឹក Scarborough ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងទាមទារកាន់កាប់ស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង រួមទាំងតំបន់ថ្មប៉ប្រះទឹក ដែលជាចំណុចក្តៅមួយនេះ ទោះបីមានសាលក្រមអន្តរជាតិដែលបានកាត់សេចក្តីថា ការទាមទាររបស់ខ្លួនគ្មានមូលដ្ឋានច្បាប់ណាមួយក៏ដោយ។ ចិននិងហ្វីលីពីនបានប៉ះទង្គិចគ្នាជាញឹកញាប់ ជុំវិញទឹកដីដែលមានជម្លោះនៅទីនោះ ដោយឧប្បត្តិហេតុចុងក្រោយបំផុត បានកើតឡើងកាលពីខែកក្កដា៕






