លោក ហ្សេឡេនស្គី អះអាងថា កូរ៉េខាងជើងនឹងបញ្ជូនទ័ពរហូតដល់ ៥០.០០០​ នាក់ ទៅកាន់រុស្ស៊ី ខណៈអ៊ុយក្រែនស្នើសុំប្រព័ន្ធការពារអាកាសពីកូរ៉េខាងត្បូង (Video inside)

09-08-2026 20:17

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រកាសថា ទាហានកូរ៉េខាងជើងចន្លោះពី ៣ម៉ឺន ទៅ ៥ម៉ឺននាក់ ត្រូវបានសម្រេចឱ្យបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួយប្រយុទ្ធក្នុងសង្គ្រាម ខណៈលោកបានអំពាវនាវយ៉ាងទទូចឱ្យកូរ៉េខាងត្បូង ជួយផ្តល់ការគាំទ្រប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ហ្សេឡេនស្គី បានសរសេរនៅលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍ ដោយបញ្ជាក់ពីតួលេខដ៏ខ្ពស់នេះ ប៉ុន្តែមិនបានបញ្ជាក់ពីប្រភពព័ត៌មាននោះឡើយ។ លោកក៏បានបង្ហើបផងដែរថា កងកម្លាំងទីក្រុងកៀវ បានរកឃើញមីស៊ីលកូរ៉េខាងជើងមួយចំនួន ដែលធ្លាក់លើទឹកដីអ៊ុយក្រែន ហើយលោកបានព្រមានថា​ «វាច្បាស់ណាស់ថា កូរ៉េខាងជើងនឹងបន្តកសាងបទពិសោធន៍ក្នុងសង្គ្រាមទំនើប តាមរយៈការទទួលបានអាជ្ញាប័ណ្ណ និងឧបករណ៍យោធាគ្រប់ប្រភេទពីរុស្ស៊ី»។

ដើម្បីទប់ទល់នឹងការគំរាមកំហែងនេះ មេដឹកនាំអ៊ុយក្រែនបានស្នើសុំឱ្យកូរ៉េខាងត្បូង បង្កើនកិច្ចសហប្រតិបត្តិការជាមួយទីក្រុងកៀវ ជាពិសេសលើការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសដែលអ៊ុយក្រែនកំពុងខ្វះខាតយ៉ាងខ្លាំង ព្រមទាំងបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការលើ «កិច្ចព្រមព្រៀងដ្រូន» ផងដែរ។ បច្ចុប្បន្ន អ្នកការទូតអ៊ុយក្រែនកំពុងទាក់ទងជាមួយទីក្រុងសេអ៊ូល ដើម្បីជំរុញកិច្ចព្រមព្រៀងទាំងនេះ ខណៈក្រសួងការបរទេសកូរ៉េខាងត្បូង មិនទាន់មានការឆ្លើយតបនៅឡើយទេ។

គួររំលឹកថា ការបញ្ជូនទ័ពនេះ គឺធ្វើឡើងស្របតាមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលលោក ពូទីន និងលោក គីម ជុងអ៊ុន បានចុះហត្ថលេខាកាលពីខែមិថុនា ឆ្នាំ២០២៤ ដែលមានខសន្យាជួយការពារគ្នាទៅវិញទៅមកក្នុងករណីមានការឈ្លានពាន។ យោងតាមការប៉ាន់ស្មាន កូរ៉េខាងជើងបានបញ្ជូនទាហានប្រមាណ ១៤,០០០នាក់រួចហើយ ទៅកាន់តំបន់ឃឺស្ក៍ (Kursk) របស់រុស្ស៊ី កាលពីឆ្នាំ២០២៤ ដើម្បីជួយវាយបណ្តេញកងទ័ពអ៊ុយក្រែន ហើយថ្មីៗនេះ មន្ត្រីចារកម្មអ៊ុយក្រែនក៏បានរាយការណ៍ពីការដាក់ពង្រាយកងកម្លាំងមីស៊ីលកូរ៉េខាងជើងនៅភាគខាងលិចរុស្ស៊ីផងដែរ ដោយត្រៀមបំពាក់មីស៊ីលផ្លោងរហូតដល់ ១២០គ្រាប់៕