ផ្ទុះករណីបាញ់ប្រហារនៅការិយាល័យរដ្ឋបាលខេត្តក្នុងប្រទេសថៃ បណ្តាលឱ្យមនុស្ស២នាក់រងរបួស ខណៈជនសង្ស័យត្រូវបានឃាត់ខ្លួន (Video inside)
10-08-2026 13:02
(បាងកក)៖ នាថ្ងៃចន្ទនេះ ករណីបាញ់ប្រហារមួយទៀតបានកើតឡើង នៅឯការិយាល័យរដ្ឋបាលខេត្ត Nonthaburi នៃប្រទេសថៃ ដែលស្ថិតនៅជាប់ទីក្រុងបាងកក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦។
ការកើតមានឡើងហេតុការណ៍ខាងលើនេះ គឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយករណីបាញ់ប្រហារដ៏កក្រើកមួយ នៅសាលារៀនក្នុងខេត្ត Nonthaburi ដូចគ្នា។ មេបញ្ជាការប៉ូលិសខេត្ត Nonthaburi បានឱ្យដឹងថា ជនសង្ស័យជាខ្មាន់កាំភ្លើង ដែលជាអតីតតំណាងរាស្រ្ត បានសម្រុកចូលការិយាល័យខាងលើ ហើយធ្វើសកម្មភាពបាញ់ប្រហារមន្រ្តីរដ្ឋបាលខេត្តជាន់ខ្ពស់ម្នាក់ រួមជាមួយអ្នកបើកបររថយន្តរបស់មន្រ្តីរូបនោះ។ ភ្លាមៗខ្មាន់កាំភ្លើង ត្រូវបានឃាត់ខ្លួន ខណៈអ្នកទាំង២បានរងរបួស និងត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ ទើបតែមានករណីយុវជនអាយុ១៤ឆ្នាំម្នាក់ នៅខេត្ត Nonthaburi បានបាញ់សម្លាប់ជីដូននិងជីតាខ្លួននៅឯផ្ទះ រួចហើយធ្វើសកម្មភាពបាញ់ប្រហារ នៅសាលារៀន បណ្តាលឱ្យមនុស្ស៧នាក់ទៀតស្លាប់ និងជាច្រើននាក់រងរបួស មុនបាញ់សម្លាប់ខ្លួនឯង។ វាគឺជាករណីបាញ់ប្រហារស្លាប់មនុស្សរង្គាលដ៏អាក្រក់បំផុតមួយ នៅប្រទេសថៃក្នុងរយៈពេលជិត៤ឆ្នាំ៕




