ប្រធានាធិបតីអ៉ីរ៉ង់ ថ្មីៗនេះបានជួបជាមួយមេដឹកនាំកំពូល Mojtaba Khamenei ដែលមិនទាន់បង្ហាញខ្លួនជាសាធារណៈទាល់តែសោះ តាំងពីឡើងកាន់តំណែង
10-08-2026 14:54
(តេហេរ៉ង់)៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោកប្រធានាធិបតី Masoud Pezeshkian បានជួបមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Mojtaba Khamenei កាលពីចុងខែកក្កដា ខណៈមេដឹកនាំមួយរូប នៃកងកម្លាំងយោធាប៉ារ៉ារបស់អ៉ីរ៉ង់ បានសន្យាបង្ហាញវីដេអូមេដឹកនាំកំពូល នាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Pezeshkian បានផ្តល់ព័ត៌មានផ្សេងៗពីគ្នា អំពីការធ្វើទំនាក់ទំនងជាមួយ លោក Mojtaba ដែលគេមិនទាន់បានឃើញវត្តមានជាសាធារណៈឡើយ ចាប់តាំងពីឡើងកាន់តំណែងបន្តវេន ពីឪពុករបស់លោក កាលពីខែមីនា។ នៅថ្ងៃទី២១ ខែកក្កដា លោក Pezeshkian បានលើកឡើងថា ការធ្វើប្រាស្រ័យទាក់ទងជាមួយមេដឹកនាំកំពូល បានធ្វើឡើងកាន់តែញឹកញាប់ ប៉ុន្តែមកដល់ដើមខែសីហា លោកបាននិយាយថា ការទាក់ទងជាមួយលោក Mojtaba គឺពិបាកខ្លាំងណាស់។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ជំនួបនាចុងខែកក្កដា បានពិភាក្សាអំពីកិច្ចការយោធា និងសេដ្ឋកិច្ច ដែលរួមមានការធានាធនធាន ការគ្រប់គ្រងការប្តូរប្រាក់បរទេស និងការប្រើប្រាស់ថាមពល ព្រមទាំងទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូបរទេស។ នៅខែឧសភា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក៏បានរាយការណ៍ដែរថា លោក Pezeshkian បានជួបលោក Mojtaba អស់រយៈពេលជាច្រើនម៉ោង ដែលនេះគឺជាជំនួបលើកដំបូងរវាងអ្នកទាំងពីរ។
ដោយឡែក លោក Qasem Qoraishi អនុប្រធានកងកម្លាំង Basij បាននិយាយកាលពីថ្ងៃអាទិត្យថា វីដេអូ និងឯកសារផ្សេងទៀត ដែលបង្ហាញពីមេដឹកនាំកំពូល ក្នុងចំណោមសាធារណជន និងនៅតាមដងផ្លូវ ព្រមទាំងក្នុងកិច្ចប្រជុំ ជាមួយមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ នឹងត្រូវបញ្ចេញនាពេលអនាគត។ តាមលោក Qoraishi វីដេអូនេះនឹងនាំមកនូវភាពអាម៉ាស់ម្តងទៀតដល់សត្រូវ និងអ្នកដែលមើលងាយអ៉ីរ៉ង់។ ការលើកឡើងនេះ ហាក់ដូចជាចង់ឆ្លើយតបទៅនឹងមន្ទិលសង្ស័យនានា ពាក់ព័ន្ធស្ថានភាពសុខភាពរបស់ លោក Mojtaba និងការណ៍ដែលលោកមិនបានបង្ហាញខ្លួនជាសាធារណៈ៕





