បទវិភាគ៖ ការដែលប្រទេសចិនឆ្ពោះទៅរក «ភាពថ្មី» ជាភាគលាភរបស់ពិភពលោកប្រកបដោយភាពប្រាដប្រជា
10-08-2026 17:52
(ប៉េកាំង)៖ នាពេលថ្មីៗនេះ ប្រព័ន្ធសារព័ត៌មានដូចជាទីភ្នាក់ងារសារព័ត៌មាន Bloomberg របស់អាមេរិកជាដើមបានយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍបញ្ញាសិប្បនិម្មិតរបស់ប្រទេសចិន ដោយបានអះអាងថា ប្រទេសចិនមាន “ប្រព័ន្ធមួយដែលអាចចម្លងបាន” ហើយអាចផលិតម៉ូដែលធំឈានមុខគេស្ទើរតែទាំងអស់នៅលើពិភពលោកទាំងមូល ។ ការផ្សាយដំណឹងនេះបានផ្តល់ចក្ខុវិស័យមួយសម្រាប់ឱ្យអ្នកផងទាំងពួងពិនិត្យឃើញ “ឱកាសចិន២.០”។
ក្នុងរយៈពេលជិត៨សបា្តហ៍កន្លងមក ចាប់ពីម៉ូដែល Kimi K3 បំបែកកំណត់ត្រានៃម៉ូដែលប្រភពបើកចំហសកល ដល់កម្មវិធី DeepSeek សម្រេចបាននូវការលើកកម្ពស់យ៉ាងខ្លាំង នូវសមត្ថភាពរបស់ភ្នាក់ងារម៉ូដែលវៃឆ្លាតពាក់ព័ន្ធ រហូតដល់កម្មវិធី Qwen របស់ក្រុមហ៊ុន Alibaba បានប្រកាសថា នឹងបើកចំហម៉ូដែលធំបំផុតរបស់ខ្លួន បញ្ញាសិប្បនិម្មិតរបស់ប្រទេសចិនបាននឹងកំពុងបង្ហាញពីនិន្នាការអភិវឌ្ឍន៍ដ៏លេចធ្លោដែលទទួលបានភាពជោគជ័យក្នុងវិស័យជាច្រើន។ ប្រការនេះ ជាគំរូដ៏រស់រវើករបស់ប្រទេសចិនក្នុង “ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”។
បច្ចុប្បន្ននេះ “ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ” បានក្លាយទៅជាចំណុចលេចធ្លោនៃការធ្វើនវានុវត្តន៍ឧស្សាហកម្ម។ ចាប់ពី "ផលិតផលថ្មីបំផុតចំនួនបី"ពោលគឺមនុស្សយន្ត បញ្ញាសិប្បនិម្មិត និងឱសថប្រកបដោយភាពច្នៃប្រឌិតថ្មីមានប្រជាប្រិយភាពនៅទូទាំង ពិភពលោក ដល់បច្ចេកវិទ្យា ដូចជាបច្ចេកវិទ្យាព័ត៌មានកង់ទិច សៀគ្វីរួមបញ្ចូលគ្នា និងការលាយបញ្ចូលគ្នានៃនុយក្លេអ៊ែរជាដើម ទទួលបានការរីកចម្រើនដោយល្បឿនលឿន សមិទ្ធផលការច្នៃប្រឌិតថ្មីមួយចំនួនរបស់ប្រទេសចិនបានញ៉ាំងឱ្យពិភពលោកទាំងមូលចាប់អារម្មណ៍ជាទូទៅ ។
ចំណាត់ថ្នាក់ចុងក្រោយបង្អស់ដែលចេញផ្សាយដោយទស្សនាវដី្ត Nature Index បានបង្ហាញថា តាមទិន្នន័យឆ្នាំ ២០២៥ ការរួមចំណែករបស់ប្រទេសចិនចំពោះការស្រាវជ្រាវវិទ្យាសាស្ត្របានកើនឡើងដល់ ៥២៧៣៥.១៧ ដែលកាន់លំដាប់ថ្នាក់លេខមួយនៅលើពិភពលោក។
ប្រឈមមុខនឹងការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតរបស់ប្រទេសចិន ប្រទេសលោកខាងលិចមួយចំនួនបែរជាមានការព្រួយបារម្ភ ។ ជាពិសេស គឺចាប់តាំងពីចូលឆ្នាំនេះមក អាមេរិកបានធ្វើឱ្យបញ្ហាសន្តិសុខជាតិទៅជា បញ្ហាទូទៅម្តងហើយម្តងទៀត ដើម្បីបង្ក្រាប និងទប់ស្កាត់ផលិតផលបច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិនជាបន្តបន្ទាប់ ក្រោមលេសកម្មសិទ្ធិបញ្ញា និងសន្តិសុខតាមអ៊ីនធឺណិតជាដើម ។ ទោះជាយ៉ាងណាក៏ដោយ ការពិតជាក់ស្តែងបានបញ្ជាក់ថា "ឱកាសចិន 2.0" គឺជាការគំនិតឯកភាពរួមយ៉ាងទូលំទូលាយរបស់សហគមន៍អន្តរជាតិ។
ការច្នៃប្រឌិតថ្មីបានផ្ទុកនូវការស្វែងរកឥតឈប់ឈររបស់មនុស្សជាតិចំពោះជីវភាពរស់នៅកាន់តែល្អបវរ។ ចាប់ពីការបញ្ជូនម៉ាស៊ីនត្រជាក់និងឧបករណ៍គេចពីកម្តៅផ្សេងទៀតទៅកាន់អឺរ៉ុប ដល់ការលក់ដាច់ខ្លាំងនៃរថយន្តថាមពលថ្មីនៅប្រទេសកូរ៉េខាងត្បូង អូស្ត្រាលី អាស៊ីអាគ្នេយ៍និងតំបន់ផ្សេងៗទៀត រហូតដល់ការដាក់ឱ្យប្រើប្រាស់ឱសថប្រកបដោយភាពច្នៃប្រឌិតថ្មីដែលកាត់បន្ថយថ្លៃដើមនៃការព្យាបាលយ៉ាងច្រើន នវានុវត្តន៍របស់ចិនកំពុងដើរទៅកាន់ទូទាំងពិភពលោក ដែលធ្វើឱ្យប្រទេសកាន់តែច្រើនចែករំលែកផ្លែផ្កានៃការអភិវឌ្ឍ។
អ្វីដែលកាន់តែចម្លែកអស្ចារ្យនោះគឺថា ក្នុងបរិបទបច្ចុប្បន្នដែលគាំពារនិយមកំពុងងើបឡើងវិញ ប្រទេសចិនប្រកាន់ខ្ជាប់នូវភាពបើកទូលាយនិងបរិយាបន្នដោយពួតដៃគ្នាជាមួយប្រទេសដទៃទៀត ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីនៃការច្នៃប្រឌិតថ្មីដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ។ ឧទាហរណ៍ដូចជា នៅក្នុងវិស័យបញ្ញាសិប្បនិម្មិត ប្រទេសចិនបានធ្វើឱ្យប្រទេសកាន់តែច្រើនអាចប្រើប្រាស់បាននូវបច្ចេកវិទ្យាថ្មីនិងផលិតផលថ្មី ក៏ដូចជាជួយប្រទេសសកលខាងត្បូង លើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ តាមរយៈការបើកចំហម៉ូដែលធំដែលមានដើមទុនទាប គាំទ្រការសម្របខ្លួនភាសាក្នុងតំបន់និងធ្វើកិច្ចកសាងសមត្ថភាពជាដើម។ បច្ចុប្បន្ននេះ ការទាញយកសរុបនៃកម្មវិធីម៉ូដែលធំបែបបើកទូលាយនៃបញ្ញាសិប្បនិម្មិតរបស់ប្រទេសចិនបានលើសពី ១០ពាន់លានលើកនៅទូទាំងពិភពលោក ដែលជាប់ចំណាត់ថ្នាក់លេខមួយនៅលើពិភពលោក។ គ្រឿងបរិក្ខារវិទ្យាសាស្ត្រទ្រង់ទ្រាយធំរបស់ប្រទេសចិន ដូចជាការលាយបញ្ចូលគ្នានៃនុយក្លេអ៊ែរដែលអាចគ្រប់គ្រងបាននិងបច្ចេកវិទ្យាកង់ទិចជាដើម គឺបើកចំហសម្រាប់ពិភពលោកទាំងមូល ហើយស្ថានីយ៍អវកាសTiangong ជិតនឹងទទួលអវកាសយានិកបរទេស។
តើការច្នៃប្រឌិតថ្មីរបស់ប្រទេសចិននាំមកនូវផលប៉ះពាល់ឬកាលានុវត្តភាពដល់ពិភពលោក? ការពិតបានផ្តល់ចម្លើយរួចហើយ។" ការផ្លុំពន្លត់ចង្កៀងរបស់អ្នកដទៃ មិនអាចធ្វើឱ្យចង្កៀងរបស់ខ្លួនកាន់តែភ្លឺនោះទេ"។ ការលាបពណ៌និងដាក់កម្លាំងសម្ពាធរបស់អាមេរិក និងប្រទេសលោកខាងលិចមួយចំនួនមិនអាចរារាំងបាននូវការបោះជំហានទៅមុខរបស់ប្រទេសចិនក្នុងការពង្រឹងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមរយៈនវានុវត្តន៍និងជំរុញការអភិវឌ្ឍរួមរបស់បណ្តាប្រទេសនានាតាមរយៈការបើកទូលាយនោះទេ៕
វិទ្យុមិត្តភាពកម្ពុជាចិន





