គ្រោះរាំងស្ងួត នាំឱ្យមានការរឹតត្បិតលើការប្រើប្រាស់ទឹក ស្ទើរតែនៅទូទាំងប្រទេសបារាំង (Video inside)

11-08-2026 11:17

(ប៉ារីស)៖ រដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃចន្ទ ទី១០ ខែសីហា ថាផ្ទៃដីជិត ៧០ភាគរយនៃប្រទេសបារាំង កំពុងស្ថិតក្រោមការរឹតត្បិតលើការប្រើប្រាស់ទឺក ខណៈដែលគ្រោះរាំងស្ងួតកាន់តែមានសភាពធ្ងន់ធ្ងរ ចំពោះមុខអាកាសធាតុក្តៅខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមក្រសួងទទួលបន្ទុកតាមដានបម្រែបម្រួលអាកាសធាតុ បារាំងកំពុងជួបប្រទះគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ជាពិសេសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បន្តបង្កើនសម្ពាធលើធនធានទឹក។ គិតត្រឹមថ្ងៃទី៩ ខែសីហា ដីគោកភាគច្រើន រួមទាំងទីក្រុងប៉ារីស ស្ថិតក្រោមការប្រកាសអាសន្នទឹក យ៉ាងហោចណាស់កម្រិតទីមួយ ខណៈដែលខេត្តចំនួន ៦៧ ក្នុងចំណោម ១០១របស់ប្រទេស ស្ថិតក្រោមការប្រកាសអាសន្នអំពីវិបត្តិទឹកកម្រិតខ្ពស់បំផុត។

នៅក្នុងតំបន់ដែលមានការប្រកាសអាសន្នកម្រិតខ្ពស់បំផុត ទឹកត្រូវបានរក្សាទុកសម្រាប់ការប្រើប្រាស់ជាអាទិភាព ដូចជាសម្រាប់វិស័យសុខាភិបាល ការងារគាំពារសង្គម ទឹកស្អាត និងអនាម័យ។ រីឯកន្លែងដែលមា​កម្រិត​ប្រកាស​អាសន្ន​ទាប ការ​រឹតបន្តឹង​ត្រូវ​បាន​អនុវត្ត​ចំពោះ​សកម្មភាព​ដូចជា ការ​ស្រោច​ទឹក​សួនច្បារ និង​វាលស្មៅ ​ការ​ចាក់​បំពេញ​អាង​ហែល​ទឹក លាង​រថយន្ត និង​ស្រោចស្រព​ដំណាំ។

គួរបញ្ជាក់ថា នេះជាសញ្ញាមួយទៀតនៃគ្រោះរាំងស្ងួត ដែលកាន់តែអាក្រក់នៅទូទាំងតំបន់អឺរ៉ុប ដែលកំពុងរងនូវរលកកម្ដៅ។ ការិយាល័យស្រាវជ្រាវភូមិសាស្ត្រ និងរ៉ែ (BRGM) របស់បារាំង បានឱ្យដឹងថា ២ភាគ៣នៃអាងទឹកក្រោមដី ដែលផ្គត់ផ្គង់ទឹកស្អាតសម្រាប់បរិភោគ បានធ្លាក់ចុះក្រោម​កម្រិតធម្មតា៕