អាមេរិកប្រកាសផ្តល់ជំនួយបន្ទាន់ ១៥,៥លានដុល្លារដល់កូឡុំប៊ី ក្រោយគ្រោះរញ្ជួយដីដ៏ប្រល័យ (Video inside)
11-08-2026 13:45
(វ៉ាស៉ីនតោន)៖ នាថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយបន្ទាន់ចំនួន ១៥,៥លានដុល្លារ សម្រាប់ប្រទេសកូឡុំប៊ី ក្រោយគ្រោះរញ្ជួយដីធ្ងន់មួយកម្រិត៧,៤រ៉ិចទ័រ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច ១១១នាក់ និងបំផ្លិចបំផ្លាញអគាររាប់រយខ្នង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងការបរទេសអាមេរិក បានប្រកាសដូច្នេះថា ក្រោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយនាថ្ងៃនេះ នៅប្រទេសកូឡុំប៊ី រដ្ឋបាលលោក ត្រាំ ប្តេជ្ញាផ្តល់ជំនួយបន្ទាន់ ១៥,៥លានដុល្លារ សម្រាប់ផ្តល់កន្លែងជ្រកកោនបណ្តោះអាសន្ន ស្បៀងអាហារ ការការពារ និងកិច្ចប្រឹងប្រែងវាយតម្លៃពីទំហំនៃការខូចខាត តម្រូវការ ក៏ដូចជាហានិភ័យ បង្កឡើងដោយធម្មជាតិនេះ។
ទន្ទឹមគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយថា ក្រសួងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីជួយពលរដ្ឋអាមេរិកនានា ដែលរងការប៉ះពាល់ពីរញ្ជួយដីខាងលើ ហើយទទូចឱ្យពលរដ្ឋអាមេរិកនៅកូឡុំប៊ី ទាក់ទងមកកាន់ស្ថានទូតអាមេរិកនៅទីក្រុងបូហ្គោតា ដើម្បីសុំការជួយដោយផ្ទាល់។
គួរបញ្ជាក់ថា រញ្ជួយដីបានកើនឡើងក្បែរទីក្រុង San Jose del Palmar ក្នុងតំបន់ Choco ស្ថិតនៅចម្ងាយប្រហែល ៤០០គីឡូម៉ែត្រ ពីរដ្ឋធានីបូហ្គោតា ជាមួយជម្រៅជាង១០០គីឡូម៉ែត្រ។ អាជ្ញាធរកូឡុំប៊ី បានឱ្យដឹងថា មនុស្សយ៉ាងហោច ១១១នាក់ បានស្លាប់ និង៨៧នាក់បានរងរបួស ខណៈអគារប្រហែល១៦០០ខ្នងរងការខូចខាត ក្នុងនោះ៦១ខ្នងបានដួលរលំ៕









