ចិនព្រមានអគ្គលេខាធិការវេទិកាកោះប៉ាស៉ីហ្វិក កុំធ្វើឱ្យខូចទំនាក់ទំនងល្អ ដោយសារតែបញ្ហាតៃវ៉ាន់
11-08-2026 15:04
(ប៉េកាំង)៖ នាថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ ចិនបានព្រមានអគ្គលេខាធិការវេទិកាកោះប៉ាស៉ីហ្វិក (Pacific Islands Forum) ចៀសវាងធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍទំនាក់ទំនង ដែលល្អនិងមានស្ថិរភាព បន្ទាប់ពីអគ្គលេខាធិការរូបនោះ បាននិយាយថា តៃវ៉ាន់នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំនៃក្រុមប្រទេសជាសមាជិកវេទិកានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
កោះតៃវ៉ាន់ត្រូវបានហាមឃាត់មិនឱ្យចូលរួមកិច្ចប្រជុំមេដឹកនាំក្រុមប្រទេសវេទិកា Pacific Islands Forum កាលពីឆ្នាំ២០២៥ ក្រោយមានការជំទាស់ជាខ្លាំងពីសំណាក់ទីក្រុងប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ប្រទេសចិន។ ប៉ុន្តែកាលពីថ្ងៃសុក្រសប្តាហ៍មុន អគ្គលេខាធិការវេទិកា Pacific Islands Forum គឺលោក Baron Waqa បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ទីក្រុងតៃប៉ិនឹងចូលរួមកិច្ចប្រជុំឆ្នាំនេះ។
នៅថ្ងៃអង្គារនេះ ក្រសួងការបរទេសចិន បានលើកឡើងថា ចិនទទូចឱ្យអគ្គលេខាធិការនៃវេទិកា Pacific Islands Forum គោរពឱ្យម៉ឺងម៉ាត់ចំពោះគោលការណ៍ចិនតែមួយ និងចាត់ចែងឱ្យត្រឹមត្រូវបញ្ហាពាក់ព័ន្ធជាមួយតៃវ៉ាន់ ហើយចៀសវាងបង្កការប៉ះពាល់ចំពោះការអភិវឌ្ឍទំនាក់ទំនង ដែលល្អនិងមានស្ថិរភាព រវាងចិននិងវេទិកានេះ។
គួរបញ្ជាក់ថា សមាជិកវេទិកា Pacific Islands Forum ដូចជាណូរូ គិរីបាទី និងសូឡូម៉ុន បាននាំគ្នាផ្តាច់ទំនាក់ទំនងការទូតជាមួយទីក្រុងតៃប៉ិ ចាប់តាំងពីឆ្នាំ២០១៩។ សូឡូម៉ុន បានរារាំងការចូលរួមរបស់តៃវ៉ាន់ នៅពេលខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំវេទិកានេះ កាលពីឆ្នាំ២០២៥។ យ៉ាងណាមិញ ប្រទេស Palua ដែលជាម្ចាស់ផ្ទះកិច្ចប្រជុំឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា គឺស្ថិតក្នុងចំណោមដៃគូការទូត ដែលនៅសល់តែចំនួន១២ប៉ុណ្ណោះរបស់តៃវ៉ាន់។ រួមជាមួយ Palau សមាជិកមួយចំនួនទៀតនៃវេទិកា Pacific Islands Forum ដូចជាទូវ៉ាលូ និង Marshall Islands ក៏នៅជាសម្ព័ន្ធមិត្តការទូតរបស់ទីក្រុងតៃប៉ិផងដែរ៕






