ប្រធានាធិបតីឥណ្ឌូណេស៉ី បញ្ជាឱ្យចាត់វិធានការទាំងអស់ ដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃ (Video inside)
11-08-2026 15:40
(ហ្សាការតា)៖ លោកប្រធានាធិបតី Prabowo Subianto បានអំពាវនាវឱ្យមានវិធានការសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃ ខណៈដែលគ្រោះរាំងស្ងួត និងបាតុភូត El Nino បង្កើនហានិភ័យនៃភ្លើងឆេះព្រៃទូទាំងប្រទេសឥណ្ឌូណេស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦។
រដ្ឋមន្រ្តីរដ្ឋលេខាធិការដ្ឋាន លោក Prasetyo Hadi បានឱ្យដឹងថា «តាមការណែនាំរបស់លោកប្រធានាធិបតី យើងបានសម្របសម្រួលការដាក់ពង្រាយឧបករណ៍សម្រាប់ទម្លាក់ទឹក រួមទាំងឧទ្ធម្ភាគចក្រ និងយន្តហោះ ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ»។ លោក Prasetyo បានឱ្យដឹងថា មានចំណុចក្តៅជាច្រើននៅតំបន់ West Kalimantan និង Central Kalimantan។ រីឯ ឆេះព្រៃនៅក្នុងឧទ្យានជាតិ Bromo Tengger Semeru ក្នុងខេត្ត East Java គឺជាករណីធំបំផុតមួយ ដែលអាជ្ញាធរកំពុងដោះស្រាយ។
លោក Djamari Chaniago រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការនយោបាយ និងសន្តិសុខ បានឱ្យដឹងថា រដ្ឋាភិបាល ក៏បានចាត់វិធានការប្រមូលកម្លាំងក្រុមការងារចម្រុះស្ថាប័ន ដើម្បីទប់ស្កាត់អគ្គិភ័យ ដែលឆាបឆេះលើផ្ទៃដី ប្រហែល ១០៧ ០០០ ហិកតាផងដែរ។ អាជ្ញាធរកំពុងបង្កើនប្រតិបត្តិការទាំងអាកាស និងដីគោក ខណៈព្យាយាមធ្វើយ៉ាងណា កុំឱ្យផ្សែងអ័ព្ទប៉ះពាល់ដល់ប្រទេសជិតខាង។ មន្ត្រីមានសមត្ថកិច្ចបានពន្លត់ភ្លើងឆេះព្រៃទំហំ ៥៥០ហិកតា ជុំវិញភ្នំ Bromo ហើយ ប៉ុន្តែមានចំណុចក្តៅថ្មីៗ លេចឡើងនៅក្បែរមាត់ភ្នំភ្លើងនោះ ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល ២០ហិកតា។ នេះបើតាមការបញ្ជាក់ពីប្រធានទីភ្នាក់ងារមហន្តរាយតំបន់ កាលពីថ្ងៃចន្ទ។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូមិសាស្ត្រ (BMKG) របស់ឥណ្ឌូណេស៉ី ព្យាករថាផលប៉ះពាល់កាន់តែខ្លាំង ពីបាតុភូត El Nino អំឡុងរដូវប្រាំង បានបង្កើនហានិភ័យនៃគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃក្នុងតំបន់ជាច្រើន នៅទូទាំងប្រទេស។ បច្ចេកវិទ្យាកែប្រែអាកាសធាតុ ក៏កំពុងត្រូវបានរៀបចំផងដែរ ដើម្បីបង្កើនបរិមាណទឹកភ្លៀងនៅក្នុងតំបន់រងផលប៉ះពាល់ ដែលបច្ចុប្បន្នផ្តោតសំខាន់លើខេត្តចំនួន ៦ ដែលមានហានិភ័យខ្ពស់៕








