ចិន៖ ទីក្រុងប៉េកាំងត្រៀមទទួលរងបរិមាណទឹកភ្លៀងធ្លាក់យ៉ាងច្រើនសម្បើម ដោយសារតែឥទ្ធិពលព្យុះទីហ្វុង Dolphin (Video inside)
11-08-2026 16:02
(ប៉េកាំង)៖ រដ្ឋធានីប៉េកាំង របស់ប្រទេសចិន ជាទីដែលមានប្រជាជនរស់នៅច្រើនកុះករ បានត្រៀមខ្លួនទទួលរង នូវបរិមាណទឹកភ្លៀង ដែលស្មើនឹងជាង ១ភាគ ៣នៃកម្រិតទឹកភ្លៀងប្រចាំឆ្នាំ ក្នុងរយៈពេល ២៤ម៉ោងទៅមុខ ដោយចាប់ផ្តើមពីយប់ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ស្ថានភាពនេះ កើតមានឡើងពេលដែលសំណើមពីព្យុះទីហ្វុង Dolphin ដែលស្ថិតនៅភាគខាងត្បូង ប៉ះគ្នាជាមួយខ្យល់ត្រជាក់ នៅតំបន់ភាគខាងជើងប្រទេសចិន។ យោងតាមការិយាល័យឧតុនិយម តំបន់ភាគច្រើនក្នុងទីក្រុងប៉េកាំង នឹងជួបប្រទះភ្លៀងធ្លាក់ខ្លាំង ចាប់ពីយប់ថ្ងៃអង្គារ រហូតដល់ថ្ងៃព្រហស្បតិ៍ ដោយមានកម្រិតទឹកភ្លៀងសរុបលើសពី ១០០មីលីម៉ែត្រក្នុងរយៈពេល ៦ម៉ោង និងលើសពី ១៥០មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង។
បរិមាណទឹកភ្លៀងសរុបក្នុងសង្កាត់នានា រួមមាន Tongzhou, Daxing, Fangshan, Mentougou, Huairou និង Fengtai អាចលើសពី ២០០មីលីម៉ែត្រក្នុងរយៈពេល ២៤ម៉ោង។ នេះបើធៀបទៅនឹងកម្រិតទឹកភ្លៀងជាមធ្យមប្រចាំឆ្នាំ របស់ទីក្រុងប៉េកាំង ដែលមានកម្រិត ៥២៨មីលីម៉ែត្រ ភាគច្រើនធ្លាក់អំឡុងខែមិថុនា ដល់ខែកញ្ញា។
នៅសង្កាត់ Mentougou ដែលជាតំបន់ភ្នំស្ថិត ភាគខាងលិចទីក្រុងប៉េកាំង អាជ្ញាធរបានប្រកាសអាសន្ន អំពីទឹកជំនន់កម្រិតខ្ពស់បំផុត នៅថ្ងៃអង្គារនេះ ហើយបានណែនាំឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ ប្រសិនបើគ្មានការចាំបាច់ និងចៀសវាងធ្វើដំណើរទៅកាន់តំបន់ភ្នំ និងតំបន់ទន្លេ៕







