បទវិភាគ៖ ការ​ដែល​ប្រទេស​ចិន​ឆ្ពោះ​ទៅរក​ «ភាពថ្មី» ជា​ភាគលាភ​របស់​ពិភពលោក​ប្រកប​ដោយ​ភាព​ប្រាដប្រជា

11-08-2026 16:57

(ប៉េកាំង)៖ នា​ពេល​ថ្មីៗ​នេះ ប្រព័ន្ធសារព័ត៌មាន​ដូច​ជា​ទីភ្នាក់ងារ​សារព័ត៌មាន​ Bloomberg របស់​អាមេរិក​ជា​ដើ​ម​បាន​យ​ក​ចិត្តទុក​ដាក់​ខ្ពស់​ចំពោះការ​អភិវឌ្ឍ​បញ្ញាសិប្បនិម្មិត​របស់​ប្រទេស​ចិន​ ដោយបាន​អះអាងថា ប្រទេ​សចិន​មាន​ “ប្រព័ន្ធមួយ​ដែល​អាចចម្លងបាន​” ហើយ​អាច​ផលិតម៉ូដែលធំ​ឈានមុខ​គេ ​ស្ទើរតែទាំង​អស់​នៅលើ​ពិភពលោក​ទាំង​មូល​។ ការ​ផ្សាយ​ដំណឹង​នេះ​បាន​ផ្តល់​ចក្ខុវិស័យ​មួយ​សម្រាប់​ឱ្យ​អ្នក​ផង​ទាំង​ពួង​ពិនិត្យ​ឃើញ “ឱកាសចិន២.០”។

ក្នុង​រយៈពេល​ជិត​៨សបា្តហ៍កន្លង​មក​ ចាប់ពីម៉ូដែល Kimi K3 បំបែកកំណត់​ត្រា​នៃម៉ូដែលប្រភពបើកចំហសកល​ ដល់​កម្មវិធី DeepSeek សម្រេចបាននូវ​ការ​លើក​កម្ពស់​យ៉ាង​ខ្លាំង ​នូវ​សមត្ថភាពរបស់ភ្នាក់ងារម៉ូដែលវៃឆ្លាត​ពាក់ព័ន្ធ រហូត​ដល់​កម្មវិធី​ Qwen របស់ក្រុមហ៊ុន Alibaba បាន​ប្រកាសថា នឹងបើកចំហ​ម៉ូដែលធំបំផុតរបស់ខ្លួន បញ្ញាសិប្បនិម្មិតរបស់ប្រទេសចិនបាន​នឹង​កំពុងបង្ហាញពីនិន្នាការអភិវឌ្ឍន៍ដ៏លេចធ្លោ ដែល​ទទួល​បាន​ភាពជោគជ័យក្នុង​វិស័យ​ជាច្រើន។ ប្រការ​នេះ​ ជា​គំរូដ៏​រស់​រវើក​របស់ប្រទេស​ចិនក្នុ​ង “ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ​”។

បច្ចុប្ប​ន្ននេះ “ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ​” បានក្លាយ​ទៅជា​ចំណុច​លេចធ្លោនៃការធ្វើនវានុវត្តន៍ឧស្សាហកម្ម។ ចាប់ពី "ផលិតផលថ្មីបំផុតចំនួនបី" ពោលគឺមនុស្សយន្ត បញ្ញាសិប្បនិម្មិត និងឱសថប្រកបដោយភាពច្នៃប្រឌិតថ្មីមាន​ប្រជាប្រិយភាព​នៅទូទាំង​ ពិភពលោក ដល់​បច្ចេកវិទ្យា​ ដូច​ជាបច្ចេកវិទ្យាព័ត៌មានកង់ទិច សៀគ្វីរួមបញ្ចូលគ្នា និង​ការលាយបញ្ចូលគ្នា នៃនុយក្លេអ៊ែរជាដើម​ទទួល​បាន​ការ​រីកចម្រើន​ដោយ​ល្បឿន​លឿន​ សមិទ្ធផល​ការ​ច្នៃប្រឌិត​ថ្មី​មួយ​ចំនួន​របស់ប្រទេ​សចិន​បាន​ញ៉ាំង​ឱ្យ​ពិភពលោក​ទាំង​មូល​ចាប់អារម្មណ៍ជា​ទូទៅ ។

ចំណាត់ថ្នាក់ចុងក្រោយបង្អស់ដែលចេញផ្សាយដោយ ទស្សនាវដី្ត Nature Index បាន​បង្ហាញថា តាម​ទិន្នន័យឆ្នាំ ២០២៥ ការរួមចំណែករបស់ប្រទេសចិនចំពោះការស្រាវជ្រាវវិទ្យាសាស្ត្របានកើនឡើងដល់ ៥២៧៣៥.១៧ ដែលកាន់​លំដាប់ថ្នាក់លេខមួយនៅលើពិភពលោក។

ប្រឈមមុខនឹងការអភិវឌ្ឍ ប្រកបដោយភាពច្នៃប្រឌិតរបស់ប្រទេសចិន ប្រទេសលោកខាងលិចមួយចំនួន បែរជា​មាន​ការ​ព្រួយបារម្ភ ។ ជាពិសេស គឺចាប់តាំង​ពីចូល​ឆ្នាំនេះមក​ អាមេរិកបានធ្វើឱ្យបញ្ហាសន្តិសុខជាតិ ទៅជាបញ្ហាទូទៅម្តងហើយម្តងទៀត ដើម្បីបង្ក្រាប និងទប់ស្កាត់ផលិតផលបច្ចេកវិទ្យាខ្ពស់ របស់ប្រទេសចិនជាបន្តបន្ទាប់ ក្រោមលេស​កម្មសិទ្ធិបញ្ញា និងសន្តិសុខតាមអ៊ីនធឺណិតជាដើម។ ទោះជាយ៉ាងណាក៏ដោយ ការពិតជាក់ស្តែង​បាន​បញ្ជាក់ថា "ឱកាសចិន 2.0" គឺជាការគំនិត​ឯកភាពរួម​យ៉ាងទូលំទូលាយ របស់សហគមន៍អន្តរជាតិ។

ការ​ច្នៃ​ប្រឌិត​ថ្មី​បាន​ផ្ទុក​នូវ​ការស្វែងរកឥតឈប់ឈររបស់​មនុស្សជាតិ​​ ចំពោះ​ជីវភាព​រស់​នៅ​កាន់តែ​ល្អបវរ។ ចាប់ពីការបញ្ជូនម៉ាស៊ីន​ត្រជាក់និង ឧបករណ៍​គេច​ពី​កម្តៅ​ផ្សេង​ទៀត​ទៅ​កាន់អឺរ៉ុប ​ដល់ការលក់ដាច់​ខ្លាំង​នៃ​រថយន្តថាមពលថ្មីនៅ ប្រទេសកូរ៉េខាងត្បូង អូ​ស្ត្រា​លី អា​ស៊ី​អាគ្នេយ៍និងតំបន់ផ្សេងៗទៀត រហូត​ដល់​ការដាក់ឱ្យប្រើប្រាស់ឱសថប្រកបដោយ​ភាព​ច្នៃ​ប្រឌិត​ថ្មី​ដែលកាត់បន្ថយថ្លៃដើម នៃការព្យាបាលយ៉ាងច្រើន នវានុវត្តន៍របស់ចិន​កំពុងដើរ​ទៅ​កាន់​ទូទាំងពិភពលោក ដែលធ្វើ​ឱ្យប្រទេសកាន់​តែ​ច្រើន​ចែករំលែកផ្លែផ្កានៃការអភិវឌ្ឍ។

អ្វីដែលកាន់​តែចម្លែក​អស្ចារ្យ​នោះ​គឺ​ថា ក្នុង​បរិបទ​បច្ចុប្បន្ន​ដែល​គាំពារនិយម​កំពុង​ងើប​ឡើង​វិញ​ ប្រទេសចិនប្រកាន់​ខ្ជាប់​នូវ​ភាពបើកទូលាយ​និង​បរិយាបន្ន​​ដោយពួត​ដៃ​គ្នា​ជាមួយ​ប្រ​ទេស​ដទៃ​ទៀត ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីនៃការច្នៃប្រឌិតថ្មី​ដែល​ផ្តល់ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមកនិងឈ្នះ-ឈ្នះ។ ឧទាហរណ៍ដូចជា​ នៅក្នុងវិស័យបញ្ញាសិប្បនិម្មិត ប្រ​ទេស​ចិនបាន​ធ្វើឱ្យប្រទេស​កាន់​តែ​ច្រើន​អាច​ប្រើ​ប្រាស់​បាន​នូវ​បច្ចេក​វិទ្យា​ថ្មី​និង​ផលិតផល​ថ្មី​ ក៏​ដូច​ជា​ជួយ​ប្រទេស​សកល​ខាង​ត្បូង ​លើក​កម្ពស់​សមត្ថភាព​អភិវឌ្ឍន៍ តាម​រយៈ​ការ​បើក​ចំហ​ម៉ូដែល​​ធំដែលមានដើម​ទុន​ទាប គាំទ្រការសម្របខ្លួនភាសាក្នុងតំបន់​និង​ធ្វើកិច្ច​​កសាង​សមត្ថ​ភាពជា​ដើម។

បច្ចុប្បន្ននេះ ការទាញយកសរុបនៃកម្មវិធី​ម៉ូ​ដែល​ធំ​បែប​បើកទូលាយ​នៃ​បញ្ញា​សិប្បនិម្មិតរបស់ប្រទេសចិន បានលើសពី ១០ពាន់លានលើក​នៅទូទាំងពិភពលោក ដែល​ជាប់ចំណាត់ថ្នាក់លេខមួយនៅលើពិភពលោក។ គ្រឿង​បរិក្ខារ​វិទ្យា​សាស្ត្រ​ទ្រង់​ទ្រាយ​ធំ​របស់ប្រទេសចិន ដូចជាការលាយបញ្ចូលគ្នានៃនុយក្លេអ៊ែរ ដែល​អាច​គ្រប់​គ្រង​បាន​និង​បច្ចេក​វិទ្យាកង់ទិចជា​ដើម​ គឺបើកចំហសម្រាប់ពិភពលោកទាំង​មូល​ ហើយស្ថានីយ៍អវកាស​ Tian​gong ជិត​នឹងទទួល​អវកាសយានិកបរទេស ។ តើការ​ច្នៃ​ប្រឌិត​ថ្មី​របស់ប្រទេសចិននាំមក នូវផល​ប៉ះ​ពាល់ ​ឬកាលានុវត្តភាព​ដល់​ពិភព​លោក​? ការពិតបានផ្តល់ចម្លើយរួចហើយ។" ការផ្លុំពន្លត់ចង្កៀងរបស់អ្នកដទៃ ​មិន​អាចធ្វើ​ឱ្យ​ចង្កៀ​ង​របស់​ខ្លួន​កាន់​តែ​ភ្លឺ​នោះទេ"។

ការ​លាប​ពណ៌​និងដាក់​កម្លាំង​សម្ពាធ​របស់​អាមេរិក​ និង​ប្រទេស​លោកខាងលិចមួយចំនួន​ មិនអាចរារាំង​បាន​នូវ​ការ​បោះ​ជំហាន​ទៅ​មុខ​របស់​ប្រទេស​​ចិន​ក្នុង​​ការពង្រឹងការអភិវឌ្ឍ ប្រកប​ដោយ​​គុណភាពខ្ពស់តាមរយៈនវានុវត្តន៍ និង​ជំរុញ​ការអភិវឌ្ឍរួមរបស់​បណ្តា​ប្រទេស​នានា​តាមរយៈការបើកទូលាយ​នោះទេ៕

វិទ្យុមិត្តភាពកម្ពុជាចិន