«ផលិតផលថ្មីបំផុតទាំងបី» របស់ចិនដើរតួនាទីជាកម្លាំងចលករថ្មី ដល់ពាណិជ្ជកម្មអន្តរជាតិ​​ និងនាំមកនូវវិបុលភាពរួម សម្រាប់មនុស្សជាតិ

11-08-2026 16:58

(ប៉េកាំង)៖ នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប្រទេសចិននៅតែបន្តជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ដោយផ្តោតសំខាន់លើ ការអភិវឌ្ឍកម្លាំងផលិតកម្ម​ថ្មីប្រកបដោយគុណភាពខ្ពស់។ ក្នុងដំណាក់កាលនៃការអនុវត្តផែនការប្រាំឆ្នាំ លើកទី១៥ (២០២៦–២០៣០) ការលេចឡើងនៃ “ផលិតផលថ្មីបំផុតទាំងបី” ដែលរួមមាន រ៉ូបូតចល័ត, បញ្ញាសិប្បនិម្មិត (AI) និងឱសថប្រកបដោយនវានុវត្តន៍ កំពុងដើរតួនាទីជាកម្លាំងចលករថ្មី ដល់ការជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចចិន។

បន្ទាប់ពីការផ្តោតលើការនាំចេញរថយន្តថាមពលថ្មី ថ្មលីចូម និងផលិតផលដើរដោយថាមពលពន្លឺព្រះអាទិត្យ “ផលិតផលថ្មីបំផុតទាំងបី” ខាងលើ បង្ហាញពីការផ្លាស់ប្តូរជាយុទ្ធសាស្ត្រពី “ការផលិតនៅចិន” ទៅជា “ការផលិតដោយភាពវៃឆ្លាតរបស់ចិន” ពោលគឺការងាកចេញពី “ការផលិតដែលផ្អែកលើសមត្ថភាពផលិតកម្ម” ឆ្ពោះទៅរក “ការផលិតដែលផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍”

សម្រាប់ឆ្នាំនេះ សន្ទុះនៃការរីកចម្រើនរបស់ “ផលិតផលថ្មីបំផុតទាំងបី” បានបង្កើតប្រភពថ្មីនៃភាពប្រកួតប្រជែង និងការនាំចេញរបស់ចិន។ យោងតាមទិន្នន័យគយចិន ក្នុងឆមាសទី១ ឆ្នាំ២០២៦ ការនាំចេញរ៉ូបូតឧស្សាហកម្មបានកើនឡើង ១៨,៦% (ប្រមាណ ៩៣០ លានដុល្លារ) ដោយបានពង្រីកទីផ្សារទៅកាន់ ១៤១ ប្រទេស និងតំបន់។ ទន្ទឹមនឹងនេះ ការនាំចេញរ៉ូបូតវះកាត់បានកើនឡើងជាង​បីដង ស្មើនឹងប្រមាណជាង ៧០លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥។

ជាងនេះទៅទៀត ការអភិវឌ្ឍម៉ូដែលបញ្ញាសិប្បនិម្មិតខ្នាតធំ (AI Large Models) និងការធ្វើពាណិជ្ជកម្មឱសថ ប្រកបដោយនវានុវត្តន៍ ក៏កំពុងមានសន្ទុះយ៉ាងខ្លាំង ហើយបាននិងកំពុង ចូលរួមចំណែកដល់ ការបង្កើនសមត្ថភាពផលិតភាព និងការដោះស្រាយបញ្ហាប្រឈមជាក់ស្តែង។ រ៉ូបូតបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយធ្វើទំនើបកម្មខ្សែច្រវាក់ផលិតកម្ម ហើយ AI ជួយធ្វើឱ្យសេវាកម្ម និងការស្រាវជ្រាវកាន់តែឆ្លាតវៃ ខណៈដែលឱសថប្រកបដោយនវានុវត្តន៍ បានបង្កើតដំណោះស្រាយថ្មីៗ សម្រាប់សុខភាពសាធារណៈ។

“ផលិតផលថ្មីបំផុតទាំងបី” ខាងលើ មិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជន និងប្រទេសចិនទេ តែក៏បានបង្កើតកាលានុវត្តភាពថ្មីៗ សម្រាប់តំបន់ និងពិភពលោកផងដែរ។ ជាក់ស្តែង ការប្រើប្រាស់ យានយន្តរ៉ូបូតចល័តស្វ័យប្រវត្ត (AMRs) និងយានយន្តដឹកជញ្ជូនស្វ័យប្រវត្ត (AGVs) ក្នុងមជ្ឈមណ្ឌលបំពេញការបញ្ជាទិញ (fulfillment centers) ក្នុងប្រទេសអាស៊ានមួយចំនួន បាននិងកំពុងជួយឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងតំបន់ អាចបង្កើនប្រសិទ្ធភាពភស្តុភារកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែង ក្នុងសេដ្ឋកិច្ចឌីជីថល។ នេះបានបង្ហាញថា ការនាំចេញបច្ចេកវិទ្យាចិន មិនមែនគ្រាន់តែជាការផ្លាស់ប្តូរទំនិញ ឆ្លងកាត់ព្រំដែននោះទេ តែក៏បានរួមចំណែកដល់ ការកសាងសមត្ថភាព និងជំនាញ ការផ្ទេរបច្ចេកវិទ្យា ក៏​ដូចជាការបង្កើតតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ច ក្នុងស្រុកនៃប្រទេសដៃគូផងដែរ។

ក្នុងរយៈពេលវែង ការរីកចម្រើននៃ “ផលិតផលថ្មីបំផុតទាំងបី” នឹងនាំមកនូវកាលានុវត្តភាពថ្មីក្នុងការកាត់បន្ថយគម្លាតបច្ចេកវិទ្យា និងពង្រឹងការចូលរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងខ្សែច្រវាក់តម្លៃសកល។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនចិន ប្រទេសដៃគូនានានឹងទទួលបាន ព្រមទាំងអាចប្រើប្រាស់បច្ចេកវិទ្យាទាំងនេះស្របនឹងតម្រូវ​​ការជាតិរបស់ខ្លួន ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ ការគ្រប់គ្រងធនធានមនុស្ស ការធ្វើទំនើបកម្មឧស្សាហកម្ម និងការពង្រឹងសមត្ថភាពសុខាភិបាលជា​ដើម​។

សរុបមក “ផលិតផលថ្មីបំផុតទាំងបី” របស់ចិន មិនត្រឹមតែជាកម្លាំងចលករសម្រាប់កំណើនក្នុងស្រុកទេ ប៉ុន្តែក៏រួមចំណែកដល់ ការបង្កើនផលិតភាព និងវិបុលភាពរួមក្នុងតំបន់ និងពិភពលោកផងដែរ។ជាមួយនឹងការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលចិន ក្នុងការបើកទូលាយ​កម្រិតខ្ពស់ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ “ផលិតផលថ្មីបំផុតទាំងបី” នឹងរួម​ចំណែកកាន់តែសំខាន់​ដល់ការកាត់បន្ថយគម្លាតបច្ចេកវិទ្យា ព្រមទាំងនាំមក នូវផលប្រយោជន៍រួមសម្រាប់មនុស្សជាតិ៕

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា