* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តួនាទីចិនក្នុងការថែរក្សាស្ថិរភាព និង ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ APEC

11-08-2026 18:09

(ប៉េកាំង)៖ នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា ការកើនឡើង នៃនិន្នាការការពារនិយមពាណិជ្ជកម្ម ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ តំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវការកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីរក្សាស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចធំបំផុតមួយនៅក្នុងតំបន់ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌវេទិកាសហ​ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។

ចិនបានសង្កត់ធ្ងន់ជាបន្តបន្ទាប់លើការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការ​អភិវឌ្ឍរួមក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ APEC ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ភាពជោគជ័យ របស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺពឹងផ្អែកលើបរិយាកាសស្ថិរភាពដែលបណ្តាប្រទេសសមាជិកបានរួមគ្នាថែរក្សា និងការបន្តគាំទ្រសាកលភាវូបនីយកម្មសេដ្ឋកិច្ច។ លោកបានអំពាវនាវឱ្យសមាជិក APEC ដោះស្រាយភាពខុសគ្នា តាមរយៈការពិគ្រោះយោបល់ និងរក្សាកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យដើរទៅក្នុងទិសដៅត្រឹមត្រូវ។

លើសពីនេះ ចិនបានបន្តគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងជំរុញការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដើម្បីកាត់បន្ថយហានិភ័យពី ភាពមិនច្បាស់លាស់សេដ្ឋកិច្ចពិភពលោក។ តួនាទីនេះ​បានរួមចំណែកដល់ការពង្រឹងទំនុកចិត្តរបស់វិនិយោគិន និងការរក្សាស្ថិរភាពនៃទីផ្សារក្នុងតំបន់។ ក្នុងនាមជាម្ចាស់ផ្ទះ APEC ឆ្នាំ២០២៦ ចិនបានដាក់ចេញប្រធានបទ “ការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកដើម្បីវិបុលភាពរួម” (Building an Asia-Pacific Community to Prosper Together) ដោយផ្តោតលើអាទិភាពសំខាន់ចំនួនបី គឺ ភាពបើកចំហ (Openness) នវានុវត្តន៍ (Innovation) និងកិច្ចសហប្រតិបត្តិការ (Cooperation) ។​

ចិនបានជំរុញការធ្វើសមាហរណកម្ម​សេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការគាំទ្រការសម្រួលពាណិជ្ជកម្ម និងវិនិយោគ ការ​ពង្រឹងភាពតភ្ជាប់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការជំរុញគម្រោងតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក (FTAAP)។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានគោលបំណងបង្កើតបរិយាកាសពាណិជ្ជកម្មបើកចំហ និងជួយបង្កើនភាពធន់របស់ សេដ្ឋកិច្ចក្នុងតំបន់។ បន្ថែមពីនេះ ចិនក៏បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល បញ្ញាសិប្បនិម្មិត (AI) ការអភិវឌ្ឍបៃតង សន្តិសុខស្បៀង និងការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីបង្កើតកម្លាំងជំរុញថ្មីសម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ ការផ្តោតលើ​នវានុវត្តន៍នេះ​ឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ចិនក្នុងការកសាងសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកដែលមានភាពធន់ និងប្រកួតប្រជែងខ្ពស់។

តួនាទីរបស់ចិនក្នុងការរក្សាស្ថិរភាព និងជំរុញកិច្ចសហប្រតិបត្តិការក្នុង APEC បានរួមចំណែកដល់ការពង្រឹង សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ការបង្កើនទំហំពាណិជ្ជកម្ម និង​ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់។ មន្ត្រីជាន់ខ្ពស់ APEC មួយចំនួនបានវាយតម្លៃថា ចិនបានដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់ពាណិជ្ជកម្មសេរី និងការសម្របសម្រួល កិច្ចសហប្រតិបត្តិការក្នុងតំបន់​។ ជាមួយគ្នានេះ ការបន្តគាំទ្រពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយបរិយាបន្នរបស់ចិន បានជួយពង្រឹងទំនុកចិត្តរវាងសមាជិក APEC និងបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការរីកចម្រើនរួម​នាពេលអនាគត។

សរុបមក ចិនបានបង្ហាញតួនាទីជាអ្នករក្សាស្ថិរភាពដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក​ តាមរយៈការគាំទ្រសន្តិភាព​ សេដ្ឋកិច្ចបើកចំហ និងពហុភាគីនិយម។ ​ទន្ទឹមនឹងនេះ ចិនក៏បានជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ APEC ​ដោយផ្តោតលើការធ្វើសមាហរណកម្មសេដ្ឋកិច្ច នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។​ តួនាទីទាំងនេះ មិនត្រឹមតែជួយរក្សាស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ដែលមានវិបុលភាពរួម និងអនាគតរួមប្រកបដោយសន្តិភាពផងដែរ៕

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន​ ​​នៃ​​រាជបណ្ឌិត្យ​​សភា​កម្ពុជា