កងទ័ពជើងទឹកចិន និងឥណ្ឌូណេស៊ី ត្រៀមធ្វើសមយុទ្ធរួមគ្នានៅដែនទឹកភាគខាងកើតកោះតៃវ៉ាន់ (Video inside)
11-08-2026 19:38
(ប៉េកាំង)៖ ក្រសួងការពារជាតិចិនបានប្រកាសកាលពីថ្ងៃអង្គារថា កងទ័ពជើងទឹកចិន និងឥណ្ឌូណេស៊ី នឹងរៀបចំសមយុទ្ធ «នាវាចរណ៍រួមគ្នា» នៅក្នុងតំបន់ដែនទឹករសើបនៅភាគខាងកើតកោះតៃវ៉ាន់ នៅពាក់កណ្តាលខែសីហានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមក្រសួងការពារជាតិចិន សមយុទ្ធនេះនឹងផ្តោតលើការហ្វឹកហាត់ផ្នែកទំនាក់ទំនង និងការផ្គត់ផ្គង់នៅកណ្តាលសមុទ្រ ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការរួមគ្នារវាងកងទ័ពជើងទឹកទាំងពីរ។ ទោះជាយ៉ាងណា ទីតាំងជាក់លាក់នៃសមយុទ្ធមិនត្រូវបានបញ្ជាក់នោះទេ។ ជុំវិញបញ្ហានេះ ទាំងក្រសួងការពារជាតិតៃវ៉ាន់ និងកងទ័ពជើងទឹកឥណ្ឌូណេស៊ី សុទ្ធតែមិនទាន់ធ្វើអត្ថាធិប្បាយតបតនៅឡើយទេ។
ការប្រកាសធ្វើសមយុទ្ធនេះកើតឡើងចំពេលដែលចិនបានបង្កើនការដាក់ពង្រាយកងឆ្មាំសមុទ្រ និងសកម្មភាពយោធាស្ទើររាល់ថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ដែលបង្កក្តីបារម្ភយ៉ាងខ្លាំងដល់តៃវ៉ាន់ និងសហរដ្ឋអាមេរិក។ គួររំលឹកថា ដូចប្រទេសភាគច្រើនដែរ ឥណ្ឌូណេស៊ីមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែបច្ចុប្បន្នមានពលករឥណ្ឌូណេស៊ីជាង ៣០ម៉ឺននាក់កំពុងបម្រើការងារនៅលើកោះប្រជាធិបតេយ្យមួយនេះ៕




