UPDATE: អ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅកូឡុំប៊ីកើនដល់ ២៥៤នាក់ ក្រុមអ្នកជួយសង្រ្គោះពន្លឿនការតាមរកអ្នកនៅមានជីវិត (Video inside)
12-08-2026 09:55
(បូហ្គោតា)៖ ក្រុមមន្ត្រីកូឡុំប៊ីបានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,៤រ៉ិចទ័រ ដែលបានកើតឡើងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានកើនឡើងលើស ២៥០នាក់ ខណៈក្រុមអ្នកជួយសង្រ្គោះនៅតែបន្តធ្វើប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកអ្នកដែលអាចនៅមានជីវិតកំពុងជាប់នៅក្រោមគំនរបែកបាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
គ្រោះរញ្ជួយដី៧,៤រ៉ិចទ័រ និងមានជម្រៅ ១០៧គីឡូម៉ែត្រនៅក្នុងដី ត្រូវបានក្រុមមន្ត្រីកូឡុំប៊ីចាត់ទុកថាជាគ្រោះរញ្ជួយដីដ៏សាហាវបំផុតដែលបានវាយប្រហារលើប្រទេសរបស់ពួកគេ ក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ។ គ្រោះរញ្ជួយដីនេះដែរបានបណ្ដាលឱ្យអគារ ផ្ទះ សាលារៀន និងមន្ទីរពេទ្យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបាក់រលំ ឬរងការខូចខាត។ បើតាមសេចក្ដីរាយការណ៍ពីបណ្ដាទីក្រុងរងផលប៉ះពាល់ ចំនួនអ្នកស្លាប់បានកើនដល់ ២៥៤នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ ហើយក្នុងនោះមនុស្ស ១០១នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ក្នុងទីក្រុង Pereira និង៩៥នាក់ នៅក្នុងទីក្រុង Cali។
គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃអង្គារ អាកាសយានដ្ឋានចំនួន៣ នៅតែបន្តបិទទ្វារនៅឡើយ ហើយតំបន់ជាច្រើនផ្សេងទៀតជាពិសេស Choco ប្រជាជននៅតែបន្តខ្វះខាតហ្គាស ទឹក អគ្គិសនី និងផ្លូវថ្នល់សំខាន់ៗមួយចំនួនត្រូវបានបិទចរាចរណ៍ជាបណ្ដោះអាសន្ន៕











