ឥណ្ឌូណេស៉ី៖ មនុស្សម្នាក់បាត់បង់ជីវិត ១៧២នាក់រួចផុតគ្រោះថ្នាក់ បន្ទាប់ពីគ្រោះថ្នាក់ឆេះស្រឡាងធ្វើដំណើរចេញពីកោះ Bali (Video inside)
12-08-2026 13:41
(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ី បានជួយសង្គ្រោះមនុស្សចំនួន ១៧២នាក់ នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦នេះ បន្ទាប់ពីស្រឡាងមួយគ្រឿង ធ្វើដំណើរចេញពីកោះទេសចរណ៍ Bali បានឆេះក្នុងដែនទឹកក្បែរកោះ Lombok ខណៈប្រតិបត្តិការស្វែងរកអ្នកដំណើរផ្សេងទៀត ដែលនៅបាត់ខ្លួនកំពុងបន្ត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានទីភ្នាក់ងារជួយសង្គ្រោះប្រចាំតំបន់ លោក Muhammad Hariyadi និយាយថា ស្រឡាង KM Putri Yasmin បានចេញពីកំពង់ផែ Padangbai កោះ Bali ឆ្ពោះទៅកាន់កំពង់ផែ Lembar កោះ Lombok ក្នុងខេត្ត West Nusa Tenggara ហើយការឆេះកើតឡើង នៅច្រកសមុទ្រ Lombok វេលាទាបភ្លឺថ្ងៃពុធ (ម៉ោងក្នុងតំបន់)។
លោក Hariyadi បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃពុធ ជនជាតិឥណ្ឌូណេស៉ីម្នាក់បានស្លាប់ ហើយមនុស្ស ១៧២នាក់ត្រូវបានជម្លៀស ទៅកាន់កំពង់ផែនៅកោះ Bali និងកោះ Lombok។ ក្នុងចំណោមអ្នកនៅមានជីវិត ម្នាក់ជាជនជាតិអូស្ត្រាលី ក្រៅពីនោះគឺជាជនជាតិឥណ្ឌូណេស៉ី។ មូលហេតុនៃការឆេះនៅមិនទាន់ដឹងនោះទេ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី ដែលជាប្រទេសប្រជុំកោះ មានកោះចំនួន ១៧ ០០០ ប្រើប្រាស់ស្រឡាង ជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់ សម្រាប់ដំណើរតាមផ្លូវសមុទ្រ ដែលមានតម្លៃធូរថ្លៃ និងងាយស្រួលរក ជាងតាមផ្លូវអាកាស។ យ៉ាងនេះក្តី ស្តង់ដារសុវត្ថិភាព ជារឿយៗមិនត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងនោះទេ ដែលបណ្តាលឱ្យមានអត្រាគ្រោះថ្នាក់ខ្ពស់គួរសម៕






