លីបង់លុបចោលទោសប្រហារជីវិត ខណៈ UN ទទូចឱ្យប្រទេសដទៃទៀតនៅក្នុងតំបន់ធ្វើដូចគ្នា (Video inside)
12-08-2026 14:44
(យូអិន)៖ អង្គការសហប្រជាជាតិ (UN) បានចេញមុខសាទរចំពោះការសម្រេចចិត្តរបស់ប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងការលុបបំបាត់ជាផ្លូវការនូវទោសប្រហារជីវិត ហើយបានជំរុញឱ្យបណ្តាប្រទេសដទៃទៀតនៅមជ្ឈិមបូព៌ា និងតំបន់អាហ្វ្រិកខាងជើង អនុវត្តដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
តាមពិតទៅ លីបង់មិនបានប្រហារជីវិតអ្នកទោសទៀតនោះទេ ចាប់តាំងតែពីឆ្នាំ២០០៤មក។ ទោសប្រហារជីវិតជាទូទៅ ត្រូវបានអនុវត្តចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដូចជាឃាតកម្ម ភេរវកម្ម និងចារកម្ម។
លោក Volker Turk ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំសូមកោតសរសើរ ចំពោះការសម្រេចចិត្តរបស់សភាលីបង់ ក្នុងការលុបបំបាត់ទោសប្រហារជីវិតជាផ្លូវការនៅក្នុងប្រទេសនេះ។ បច្ចុប្បន្ន លីបង់គឺជាប្រទេសដំបូងគេក្នុងតំបន់ដែលបានធ្វើដូច្នេះ ហើយខ្ញុំសូមអំពាវនាវដល់បណ្តាប្រទេសដទៃទៀត ដែលនៅរក្សាទោសប្រហារជីវិត ឱ្យដើរតាមគំរូដូចគ្នា ក្នុងការបញ្ចប់ការអនុវត្តដ៏ឃោរឃៅនេះ»។
លោក Turk បានបន្ថែមថា «នៅក្នុងប្រទេសមួយដែលរងការវាយប្រហារដ៏បំផ្លិចបំផ្លាញ និងជួបប្រទះការបាត់បង់និងការឈឺចាប់យ៉ាងខ្លាំង ការសម្រេចចិត្តនេះតំណាងឱ្យការប្តេជ្ញាចិត្តដ៏រឹងមាំ និងប្រកាន់គោលការណ៍ខ្ពស់ ចំពោះសិទ្ធិរស់រានមានជីវិត។ ខ្ញុំសូមអំពាវនាវឱ្យច្បាប់នេះ ត្រូវបានដាក់ជូនប្រធានាធិបតីលីបង់ សម្រាប់អនុម័តនិងចុះហត្ថលេខា ឱ្យបានឆាប់រហ័ស ដើម្បីឱ្យវាអាចចូលជាធរមានពេញលេញ»។
គួរបញ្ជាក់ថា កាលពីដើមខែសីហានេះ លោក Turk បានហៅទោសប្រហារជីវិត ថាជាទង្វើដែលពុំអាចចុះសម្រុងគ្នាដាច់ខាត ជាមួយនឹងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដោយថ្លែងថា «ការដាក់ទោសរបៀបនេះ គឺជារឿងមិនអាចទទួលយកបានទាំងស្រុងនៅក្នុងពិភពលោកទាំងមូល»៕







