ចក្រភពអង់គ្លេសបើកកិច្ចប្រជុំដោះស្រាយ ខណៈរលកកម្តៅនិងគ្រោះរាំងស្ងួត បញ្ចេញឥទ្ធិពលលើផ្នែកជាច្រើននៃប្រទេស (Video inside)

12-08-2026 16:28

(ឡុងដ៏)៖ ការិយាល័យនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី Andy Burnham នឹងដឹកនាំកិច្ចប្រជុំនៃគណៈកម្មាធិការឆ្លើយតបគ្រាអាសន្នរបស់រដ្ឋាភិបាល នាថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីពិភាក្សាអំពីវិធានការដោះស្រាយបញ្ហាកម្ដៅខ្លាំង ភ្លើងឆេះព្រៃ និងគ្រោះរាំងស្ងួត ខណៈដែលចក្រភពអង់គ្លេស កំពុងប្រឈមមុខនឹងរលកកម្ដៅលើកទី៥ ក្នុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Met Office ទីភ្នាក់ងារឧតុនិយមរបស់ចក្រភពអង់គ្លេស បានព្រមានកាលពីថ្ងៃអង្គារថា សីតុណ្ហភាពទំនងជាឡើងដល់កម្រិតប្រហែល ៣៧អង្សាសេ ចាប់ពីថ្ងៃព្រហស្បតិ៍តទៅ នៅទូទាំងតំបន់ភាគខាងត្បូង និងភាគខាងកើតនៃប្រទេស ព្រមទាំងផ្នែកខ្លះនៃតំបន់ Midlands។ មេបញ្ជាការកងពន្លត់អគ្គិភ័យ បានឱ្យដឹងថា ពួកគេបានចេញប្រតិបត្តិការឆ្លើយតប ទៅនឹងករណីឆេះព្រៃចំនួន ៩៦៦លើក នៅក្នុងប្រទេសអង់គ្លេស (England) និងប្រទេសវែល (Wales) រីឯវិស័យកសិកម្ម បានព្រមានអំពីផលប៉ះពាល់ចំពោះផលិតកម្ម។

គួរបញ្ជាក់ថា តំបន់ភាគច្រើននៃចក្រភពអង់គ្លេស កំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត ដែលកើតឡើងយ៉ាងរហ័ស បណ្តាលមកពីកត្តារួមផ្សំគ្នានៃបរិមាណទឹកភ្លៀងទាបខ្លាំង និងសីតុណ្ហភាពខ្ពស់។ តាមតួលេខរបស់រដ្ឋាភិបាល មនុស្សប្រហែល ៤៥លាននាក់ កំពុងរស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ហើយ ២៧លាននាក់កំពុងប្រឈមមុខនឹងការរឹតបន្តឹងលើការប្រើប្រាស់ទឹក៕