សហភាពអឺរ៉ុបបដិសេធការទទួលស្គាល់របស់កូឡុំប៊ី ជុំវិញអធិបតេយ្យភាពអ៊ីស្រាអែលលើតំបន់ Golan Heights (Video inside)

12-08-2026 23:08

(ឡុងដ៍)៖ សហភាពអឺរ៉ុប (EU) បានប្រកាសនៅថ្ងៃពុធថា ខ្លួនមិនទទួលស្គាល់អធិបតេយ្យភាពរបស់ប្រទេសអ៊ីស្រាអែលទៅលើតំបន់កាន់កាប់ ហ្កូឡាន ហៃស៍ (Golan Heights) របស់ប្រទេសស៊ីរីនោះទេ ដោយបានបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំចំពោះបូរណភាពទឹកដីរបស់ស៊ីរី។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

អ្នកនាំពាក្យ EU បានបញ្ជាក់ថា ស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហភាពអឺរ៉ុបមិនអាចទទួលស្គាល់ការកាន់កាប់របស់អ៊ីស្រាអែលបានឡើយ។ EU បានអំពាវនាវឱ្យអ៊ីស្រាអែលគោរពតំបន់ទ្រនាប់គ្មានកងទ័ព និងកិច្ចព្រមព្រៀងផ្តាច់កងកម្លាំងឆ្នាំ១៩៧៤ រវាងស៊ីរី និងអ៊ីស្រាអែល។

ការបញ្ជាក់ជំហរនេះ ធ្វើឡើងបន្ទាប់ពីប្រទេសកូឡុំប៊ី (Colombia) ទើបតែបានប្រកាសទទួលស្គាល់ការទាមទាររបស់អ៊ីស្រាអែលលើតំបន់ Golan Heights ដែលទង្វើនេះបានរងការថ្កោលទោសយ៉ាងខ្លាំងពីប្រទេសអារ៉ាប់ រួមមាន ស៊ីរី អារ៉ាប៊ីសាអូឌីត កាតា ហ្សកដានី និងអេហ្ស៊ីប។

គួររំលឹកថា បន្ទាប់ពីការដួលរលំនៃរបបលោក បាសា អាល់អាសាដ (Bashar al-Assad) កាលពីចុងឆ្នាំ២០២៤ កងទ័ពអ៊ីស្រាអែលបានរុលចូលកាន់កាប់តំបន់ទ្រនាប់នៅ Golan Heights ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលអះអាងថា កិច្ចព្រមព្រៀងសន្តិសុខឆ្នាំ១៩៧៤ បានដួលរលំទៅហើយ។ យ៉ាងណាមិញ កន្លងមកអង្គការសហប្រជាជាតិ ធ្លាប់បានប្រកាសយ៉ាងច្បាស់តាំងពីឆ្នាំ១៩៨១ មកម្ល៉េះថា ការដាក់បញ្ចូលតំបន់ Golan ទៅជាទឹកដីរបស់អ៊ីស្រាអែល គឺជាទង្វើខុសច្បាប់អន្តរជាតិទាំងស្រុង៕