ភ្លើងឆេះព្រៃក្បែរតំបន់ឆ្នេររបស់ប្រទេសបារាំង នាំឱ្យមានការជម្លៀសមនុស្សប្រហែល ១ ២០០នាក់ (Video inside)
13-08-2026 11:21
(ប៉ារីស)៖ មនុស្សប្រហែល ១ ២០០នាក់ ត្រូវបានជម្លៀសចេញពីទីតាំងបោះជំរំមួយ ដោយសារតែមានឆេះព្រៃ ២ករណី ជិតឆ្នេរសមុទ្រមួយកន្លែង ក្នុងតំបន់ភាគខាងជើងប្រទេសបារាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦។
អាជ្ញាធរប្រចាំតំបន់រដ្ឋបាល Pas-de-Calais ស្ថិតនៅភាគខាងជើងប្រទេសបារាំង ហើយជាប់នឹងច្រកសមុទ្រ Dover បានឱ្យដឹងថា ក្នុងចំណោមភ្លើងឆេះព្រៃទាំងនោះ មានមួយកន្លែងអាចគ្រប់គ្រងបានហើយ ប៉ុន្តែកន្លែងមួយទៀតគឺមិនអំណោយផលឡើយ។ ការចូលទៅកាន់ទីតាំងនោះជួបការលំបាក ហើយភ្លើងកំពុងឆេះរាលដាលទៅទិសខាងត្បូង។ អ្នកបោះជំរំ ដែលរងផលប៉ះពាល់កំពុងត្រូវបានជម្លៀស ទៅកាន់ទីជម្រកបណ្តោះអាសន្ន។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី Monique Barbut បានគូសបញ្ជាក់ថា រលកកម្ដៅអាចបង្កឱ្យមានការចំណាយ ទាំងដោយផ្ទាល់ និងដោយប្រយោល រហូតដល់ ១៥ពាន់លានអឺរ៉ូ ឬ១៧ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា ប្រទេសបារាំង និងអឺរ៉ុបទាំងមូលដែលជាតំបន់មានការឡើងកម្ដៅ ក្នុងកម្រិតលឿនបំផុតលើពិភពលោក កំពុងប្រឈមមុខនឹងរដូវកាលឆេះព្រៃធ្ងន់ធ្ងរខុសពីធម្មតា ដោយសារតែរដូវរងាដែលមានភ្លៀងធ្លាក់ច្រើន ជំរុញឱ្យរុក្ខជាតិដុះលូតលាស់ ប៉ុន្តែក្រោយមកប្រែជាស្ងួតហួតហែង អំឡុងពេលដែលអាកាសធាតុកាន់តែក្តៅ៕




