អាល្លឺម៉ង់ ជម្លៀសប្រជាជនប្រហែល ១៨០០នាក់ ខណៈភ្លើងឆេះព្រៃរាលដាលទៅក្បែរតំបន់ព្រំដែន
14-08-2026 15:42
(បែរឡាំង)៖ អាជ្ញាធរអាល្លឺម៉ង់ បានបញ្ជាឱ្យមនុស្សប្រហែល ១ ៨០០នាក់ ជម្លៀសចេញពីផ្ទះរបស់ពួកគេ នៅថ្ងៃសុក្រ ទី១៤ ខែសីហា បន្ទាប់ពីភ្លើងឆេះព្រៃនៅតំបន់ភាគខាងលិច បានរាលដាលដល់ភូមិមួយ ក្បែរព្រំដែនជាមួយបែលហ្ស៊ិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមសេចក្តីប្រកាសឱ្យជម្លៀស អ្នកស្រុកនៅភូមិ Gey ត្រូវចាកចេញជាបន្ទាន់ ទៅកាន់ទីតាំងផ្តល់ជំនួយ ដែលបង្កើតឡើងក្នុងសាលាបឋមសិក្សាមួយ នៅភូមិ Strass ក្បែរនោះ។ ពួកគេត្រូវយកតែរបស់របរចាំបាច់ ឯកសារសម្គាល់ខ្លួន និងថ្នាំពេទ្យប៉ុណ្ណោះ។ នៅថ្ងៃព្រហស្បតិ៍ អាជ្ញាធរអាល្លឺម៉ង់និយាយថា មានការឆ្លើយតបបន្ទាន់ទ្រង់ទ្រាយធំមួយ បង្កឡើងដោយភ្លើងឆេះព្រៃ ដែលកំពុងប៉ះពាល់ដល់ព្រៃឈើប្រហែល ២៥ហិកតា។ ក្រុមពន្លត់អគ្គីភ័យ និងសេវាសង្គ្រោះបន្ទាន់ កំពុងប្រយុទ្ធជាមួយភ្លើងឆេះ។
គួរបញ្ជាក់ថា អឺរ៉ុប ដែលជាតំបន់ឡើងកម្តៅលឿនបំផុតរបស់ពិភពលោក បាននិងកំពុងប្រយុទ្ធប្រឆាំង នឹងរដូវភ្លើងឆេះព្រៃ ដែលសកម្មខុសពីធម្មតា៕






