បទវិភាគ​៖ ឆ្ពោះទៅរកភាពថ្មី គុណភាពល្អ​និងភាពល្អប្រសើរ សេដ្ឋកិច្ច​ចិន​បន្ត​ដើរទៅមុខ​កាន់​តែ​ឆ្ងាយ​និង​កាន់​តែ​រឹង​មាំ

18-08-2026 17:47

(ប៉េកាំង)៖ "តម្លៃបន្ថែមនៃ​ឧស្សាហកម្ម​ធុនធំ​និង​មធ្យមនៅទូទាំង​ប្រទេសចិន​កើនឡើង​ ៥,៣% ​បើ​ប្រៀ​ប​ធៀបនឹង​រយៈពេលដូចគ្នា​នាឆ្នាំមុន" ​"ទំហំ​សរុបនៃ​ការនាំចេញ-នាំចូល​ទំនិញ​កើនឡើង​១៧,៣​%​ បើប្រៀបធៀបនឹង​រយៈពេល​ដូចគ្នានាឆ្នាំមុន" ​"បរិមាណផលិត​មនុស្សយន្ត​ឧស្សា​ហ​កម្ម​កើនឡើង​ ២៨,៥% បើប្រៀប​ធៀបនឹង​រយៈពេលដូចគ្នា​នាឆ្នាំមុន"...តាម​ទិន្នន័យដែល​ចេញ​ផ្សាយ​ដោយរដ្ឋបាល​ជាតិស្ថិតិ​ចិនកាលពី​ថ្ងៃទី ១៧ ខែសីហា​ឱ្យដឹងថា៖ ក្នុងរយៈពេល​៧​ខែដើមឆ្នាំនេះ តម្លៃបន្ថែម​នៃឧស្សាហកម្ម​ធុនធំ​ និង​មធ្យមនៅទូទាំង​ប្រទេសចិន​ បាន​កើន​ឡើង​៥,៣% ​បើប្រៀបធៀបនឹង​រយៈពេល​ដូចគ្នានាឆ្នាំមុន ​សន្ទស្សន៍​ផលិតកម្ម​នៃ​ឧស្សា​ហ​កម្ម​សេវាកម្ម​នៅទូទាំង​ប្រទេសចិន ​បាន​កើនឡើង​៤,៧% ​បើប្រៀបធៀបនឹង​រយៈពេល​ដូច​គ្នា​នា​ឆ្នាំមុន ទំហំ​សរុបនៃ​ការនាំចេញ​-នាំចូលទំនិញ​បាន​កើនឡើង​១៧,៣%​បើ​ប្រៀបធៀប​នឹង​រយៈពេលដូចគ្នានាឆ្នាំមុន ​ហើយ​ទំហំសរុប​នៃ​ការ​​លក់រាយ​ទំនិញ​ប្រើប្រាស់ និង​សេវា​កម្ម​ក្នុងសង្គមបាន​កើនឡើង​២,៦% បើប្រៀបធៀបនឹង ​រយៈពេលដូចគ្នា​នាឆ្នាំមុន ដូច្នេះ សេ​ដ្ឋ​កិច្ចជាតិ​ចិន​រក្សាបា ននូវ​ស្ថិរភាព​ជាទូទៅ​និង​និន្នាការ​ឆ្ពោះទៅរក​ភាពថ្មីនិងគុណភាព​ល្អ។

នៅឆមាស​ទីមួយ​ឆ្នាំនេះ ​ផលិតផលក្នុង​ស្រុកសរុប (GDP) របស់ចិន​ បាន​កើនឡើង​៤,៧% ​បើ​ប្រៀប​ធៀបនឹង​រយៈពេលដូចគ្នា​នាឆ្នាំមុន ដែលស្របតាម​គោលដៅរំពឹងទុក​ នៃកំណើន​សេ​ដ្ឋ​កិច្ច​​ប្រចាំឆ្នាំ សេដ្ឋកិច្ចចិន​បានដើរទៅមុខ​ក្រោមសម្ពាធ ដោយ​បង្ហាញពី​ភាពធន់និង​កម្លាំង​រស់​រវើក​យ៉ាងខ្លាំង ។

កាល​ពី​ថ្ងៃទី ៣០ ខែកក្កដា ​លោក ​Xi Jinping ​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុ​ម្មុ​យ​នីស្តចិន​ បានអញ្ជើញ​ជាអធិបតី​ក្នុង​កិច្ចប្រជុំនៃ​ការិយាល័យនយោបាយ​ នៃ​គណៈ​កម្មា​ធិ​ការមជ្ឈិមបក្ស​កុម្មុយនីស្តចិន​ ។ កិច្ចប្រជុំលើក​នេះ​បាន​លើកឡើងថា ​“នឹង​ជំរុញឱ្យ​សេដ្ឋកិ​ច្ច​ចិន​បន្តឆ្ពោះ​ទៅរកភាពថ្មី គុណភាពល្អ​និងភាពល្អប្រសើរ ហើយខិតខំ​សម្រេចបាននូវ​ការ​ចាប់​ផ្តើមល្អនៃ​ការ​អនុវត្តផែនការ​អភិវឌ្ឍន៍​ជាតិ៥ឆ្នាំទី១៥”។ ឆ្លង​តាមរយៈ​ពាក្យ​គន្លឹះ​ទាំង​បី​គឺ ​"ឆ្ពោះទៅរកភាពថ្មី" "ឆ្ពោះទៅរក​គុណភាពល្អ" និង "ឆ្ពោះ​ទៅរកភាពល្អប្រសើរ" យើង​អាច​យល់​ដឹង​ពី​ទិសដៅ​ ការងារសំខាន់ៗ​និងតក្កវិជ្ជា​អភិវឌ្ឍន៍នៃ​សេដ្ឋកិច្ចចិន​នៅឆមាសទីពីរ។

កម្លាំងចលករ​ឆ្ពោះទៅរកភាពថ្មី ​គឺជាចំណុចលេចធ្លោ​នៃសេដ្ឋកិច្ចចិន​នាពេលបច្ចុប្បន្ន។ នៅ​ឆមាស​ទីមួយ​ឆ្នាំនេះ ​ការនាំចេញ ​"ផលិតផលថ្មីបី​ប្រភេទ" (គឺ​រថយន្តអគ្គិសនី អាគុយ​លី​ចូម​និងផលិតផល​សូឡា​) របស់ចិន​បាន​កើនឡើង​៤៦,១% ​បើប្រៀបធៀបនឹង​រយៈពេលដូច​គ្នា​នា​ឆ្នាំមុន ។ ការនាំចេញ​សៀគ្វីរួមបញ្ចូលគ្នា​ ដែលគិតថ្លៃ​តាម​ប្រាក់យាន់ចិន​បាន​កើន​ឡើ​ង​៨៨,៧% បើប្រៀប​ធៀបនឹង​រយៈពេល​ដូចគ្នានាឆ្នាំមុន​ ការនាំចេញ​មនុស្សយន្ត​វះកាត់បាន​កើន​ឡើង៣,៣ដង​បើប្រៀបធៀបនឹង​រយៈពេល ​ដូចគ្នានាឆ្នាំមុន ​ហើយទំហំ​សរុប​នៃការ​ផ្តល់​អាជ្ញា​ប័ណ្ណ​បច្ចេកវិទ្យា​ឱសថច្នៃប្រឌិតថ្មី​ទៅ​កាន់​ក្រៅប្រទេស​មានចំនួន​ប្រហែល ១១០​ពាន់​លា​ន​ដុល្លារអាមេរិក... នៅក្នុងបញ្ជី​នាំចេញទំនិញនៃ​ពាណិជ្ជកម្ម​អន្តរជាតិ​ មាន​"ភាពថ្មី"​កាន់​តែ​ច្រើន​ឡើងៗ។

រចនាសម្ព័ន្ធ​ឆ្ពោះទៅរក​គុណភាពខ្ពស់ គឺជា​បម្រែបម្រួល​ដ៏វិជ្ជមាន នៃ​សេដ្ឋកិច្ចចិន​នា​ពេល​បច្ចុ​ប្បន្ន ។ ​នៅឆមាសទីមួយ​ឆ្នាំនេះ ​ចំណូលពី​ការលក់សេវាកម្ម​ទេសចរណ៍ ​និងកម្សាន្ត​សប្បា​យ​​បាន​កើនឡើង​១២,៣% បើប្រៀបធៀប​នឹងរយៈពេល​ដូចគ្នានាឆ្នាំមុន ​ហើយ​សមា​មា​ត្រ​នៃការចំណាយខាង​សេវាកម្ម​ប្រើប្រាស់ក្នុង​មនុស្សម្នាក់​ៗ​ក្នុង​​ការចំណាយ​ប្រើ​ប្រាស់​សរុប​របស់ប្រជាជន​ចិនបាន​កើនឡើង​ ០,២ភាគរយ​បើប្រៀបធៀបនឹង​រយៈពេលដូចគ្នា​នៃ​ឆ្នាំ​​មុន។ ​ទីផ្សារប្រើប្រាស់​របស់ចិន​ កំពុង​បោះជំហាន ​ទៅ​កាន់ដំណាក់កាល​ថ្មីដែល​ផ្តោត​សំខាន់​ស្មើគ្នា ​ដល់ "ទំនិញ+សេវាកម្ម" ហើយ​ការប្រើប្រាស់​ខាង​សេវាកម្មបាន​ក្លាយ​ជាក្បាល​ម៉ា​ស៊ីន​ដ៏សំខាន់​ ក្នុងការជំរុញ​កំណើននៃ​ការប្រើប្រាស់។

មូលដ្ឋានគ្រឹះ​ឆ្ពោះទៅរក​ភាពល្អប្រសើរ គឺជានិន្នាការ​រយៈពេលវែង​នៃសេដ្ឋកិច្ចចិន។ បើ​ចង់​ជំរុញ​សេដ្ឋកិច្ចចិន​ឱ្យបន្តឆ្ពោះទៅរក​ភាពល្អ​ប្រសើរ ​នោះ ត្រូវប្រើប្រាស់​ឱ្យបានល្អនូវ​ឱ​កាស​ និង​ឧត្តមភាពផ្សេងៗ ​ដើម្បីឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ផលប៉ះពាល់​ពីខាង​ក្រៅ​និងការលំបាកនៅ​ផ្ទៃក្នុង ហើយ​ជំរុញការអភិវឌ្ឍ​ប្រកបដោយ​គុណភាពខ្ពស់ ​ឱ្យ​ដើរ​ទៅ​មុខ​កាន់​តែ​ឆ្ងាយ​និង​កាន់​តែ​រឹង​មាំ​។ បច្ចុប្បន្ននេះ ចិននៅតែជា "យុថ្កាស្ថិរភាព"​ នៃ​សេដ្ឋកិច្ច​សកល​ដដែល។ ខណៈពេល​ដែល​សម្រួល​បញ្ចុះ​ការ​ប៉ាន់ប្រមាណ​ចំពោះ​កំណើន​សេដ្ឋកិច្ច​សកល​ អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) និងធនាគារ​ពិភពលោក​បាន​នាំ​គ្នា​បោះ​ឆ្នោត​ផ្តល់​ទុកចិត្តដល់​សេដ្ឋកិច្ចចិន។

នៅឆ្នាំ​ដំបូង​នៃ​ការ​​អនុវត្ត “ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំទី១៥” ​សេដ្ឋកិច្ចចិន​មាន​ការ​អភិវឌ្ឍ​ដោយ​នឹងនរ ​ហើយកម្លាំងជាក់​ស្តែង​របស់ខ្លួន​កំពុងកើនឡើង​ជាបន្តបន្ទាប់ ។ ​សមាមាត្រនៃ​តម្លៃ​បន្ថែមនៃ​ឧស្សាហកម្មកម្មន្តសាល ​ក្នុង​ផលិតផល​ក្នុងស្រុកសរុប ​(GDP) បាន​​ឡើងដល់​២៦,​២​% ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​គឺធំជាងគេ និង​ទូលំទូលាយបំផុត​នៅ​លើ​ពិភព​លោក ​ដែលផ្តល់​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ និង​ការគាំទ្រ​ដ៏ខ្លាំងក្លា​សម្រាប់សេដ្ឋកិច្ចចិន​ ក្នុង​ការ​ទប់​ទល់​នឹង​ហានិភ័យនិងដើរ​ទៅមុខប្រកប​ដោយស្ថិរភាព។

មិនអាចបដិសេធ​បានទេថា បច្ចុប្បន្ននេះ ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់ចិន​ កំពុង​ប្រឈម​នឹង​កា​រ​លំបាកនិង​ការ​សាកល្បង​​មួយចំនួន។ ប៉ុន្តែគួរ​មើលឃើញថា ​សេដ្ឋកិច្ចចិនមាន​មូលដ្ឋាន​គ្រឹះ​ដ៏នឹងនរ ​​មាន​ឧត្តមភាពច្រើន​និងមាន​ភាពធន់​ដ៏ខ្លាំងក្លា ហើយ​លក្ខខណ្ឌគាំទ្រ​និង​និន្នា​ការ​ល្អប្រសើរ ដែល​មាន​ស្ថិរភាព​​ក្នុងរយៈពេល​យូរ គឺមិន​កែប្រែទេ ។ ​សេដ្ឋកិច្ចចិន​កំពុង​ឆ្ពោះ​ទៅ​រក​ភាពថ្មីនិង​គុណភាពខ្ពស់ ​នឹងបន្តពង្រឹង​និន្នាការល្អ​ប្រសើរ​​ ក្នុង​ការអភិវឌ្ឍប្រកប​ដោ​យ​ស្ថិរភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន