បទវិភាគ៖ ការយល់ដឹងពីភាពធន់ និងកម្លាំង​រស់រវើកនៃសេដ្ឋកិច្ចចិនតាមរយៈ «ការ​ឆ្ពោះទៅរកភាពថ្មី» និង «គុណភាពល្អ»

19-08-2026 16:53

(ប៉េកាំង)៖ “សូចនាករជា​ច្រើនប្រភេទ​មាន​ការ​កើនឡើង”​​ “ដំណើរការសេដ្ឋកិច្ចមានភាពនឹង​នរ​ជា​ទូទៅ” “បាន​បង្ហាញភាពធន់” ។ល។ មតិអន្តរជាតិបាន​នាំគ្នា​វាយ​តម្លៃ​ដូច​ការលើកឡើង ​ខាង​លើ​ បន្ទាប់ពី​ប្រទេ​សចិន​បាន​ប្រកាសទិន្នន័យសេដ្ឋកិច្ច​ក្នុង​រយៈពេល​៧ខែដំបូង​ឆ្នាំនេះកាលពីថ្ងៃទី ១៧ ខែសីហា​។ ទិន្នន័យទាំង​នេះ​បាន​បង្ហាញថា ពីខែ​មករា​ ដល់​ខែ​កក្កដា សូចនាករសេដ្ឋកិច្ច​សំខាន់ៗរបស់ប្រទេស​ចិន​ ដូច​ជាឧស្សាហកម្មកម្មន្តសាល សេវាកម្ម​និង​ពាណិជ្ជកម្ម​អន្តរជាតិ​ជាដើម​ បាន​សម្រេច​កំណើន​ ដំណើរ​ការ​សេដ្ឋកិច្ច​មានការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ ដែល​ទទួល​បាន​ការ​អភិវឌ្ឍ​ថ្មី​ប្រកបដោយគុណភាពខ្ពស់ជា​បន្តបន្ទាប់ ។ អ្នក​វិភាគ​បាន​លើក​ឡើង​ថា ប្រការ​នេះ​មិន​ត្រឹម​តែ​បាន​បង្ហាញឱ្យ​ឃើញនូវ​ភាពធន់ ​និងភាពរស់រវើក​​យ៉ាង​ខ្លាំង​ក្លា​របស់​សេដ្ឋកិច្ច​ចិន​តែប៉ុណ្ណោះ ប៉ុន្តែក៏បាន​បំពេញបន្ថែម​កម្លាំង​ចលករ​ដល់​សេដ្ឋកិច្ច​សកល​ដែល​​មាន​កំណើន​ដោយ​ទន់ខ្សោយ ។

បើវិភាគតារាងពិន្ទុនេះ​អាច​ឃើញយ៉ាងច្បាស់​ថា សេដ្ឋកិច្ចចិន​បាន​លេចចេញ​លក្ខណៈពិសេស​ទាំង​បី ពោលគឺ “ភាពនឹង​នរ​” “ភាពថ្មី​” និង​ “ភាពធន់” ។ ទីមួយ​ សេដ្ឋកិច្ច​ចិនមាន​មូលដ្ឋាន​យ៉ាង​នឹង​នរ​ ។ ក្នុ​ងនា​មជា​អង្គភាពសេដ្ឋកិច្ច​ធំទីពីរ​នៅលើ​ពិភពលោក ប្រទេស​ចិនមាន​ប្រព័ន្ធឧស្សាហកម្ម​ពេញលេញ​បំផុត និង​ទីផ្សារ​ទ្រង់ទ្រាយយក្ស ដូចច្នេះ មាន​ចន្លោះគ្រប់គ្រាន់ សម្រាប់ធ្វើ​ការ​កែ​សម្រួល​ ហើយនិង​មាន​សមត្ថភាពយ៉ាង​ខ្លាំង​សម្រាប់​ទប់ទល់​នឹង​ហានិភ័យ ។ ក្នុ​ងរយៈពេល​៧ ខែ​ដំបូង​ឆ្នាំនេះ តម្លៃបន្ថែមនៃឧស្សាហកម្មធុនធំនិងមធ្យមនៅទូទាំងប្រទេសចិនបានកើនឡើង៥,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំមុន វិស័យផលិតគ្រឿងបរិក្ខារ និង​ឧស្សាហកម្មបច្ចេកទេសខ្ពស់ បានកើន​ឡើង​៩,៧ភាគរយ​និង​១៣,៨ភាគរយដោយឡែក​ពីគ្នា ​ មូលដ្ឋាន​នៃ​ឧស្សាហកម្ម​មានភាពកាន់តែរឹងមាំ ។ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ និងសេវាកម្មក្នុងសង្គមបានកើនឡើង ២,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ព្រម​ពេល​ជា​មួយ​គ្នា​នេះ ថ្លៃទំនិញប្រើប្រាស់របស់ប្រជាជនបានកើន​ឡើង​ខ្លះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន អត្រា​ប្តូរ​ប្រាក់​យ៉ាន់ចិន​បាន​កើន​ឡើង​ដោយ​នឹង​នរ ទ្រង់ទ្រាយ​រូបិយប័ណ្ណបរទេស​បម្រុងបាន​រក្សា​ក្នុ​ងកម្រិត​លើសពី​៣,៤ទ្រីលាន​ដុល្លាអាមេរិក​ ។ល។ ប្រការទាំង​នេះសុទ្ធតែ​អាចបញ្ជាក់ថា សេដ្ឋកិច្ច​ចិន​មាន​មូលដ្ឋាន​គ្រឹះដោយ​នឹង​នរ​ និង​មាន​ទីបង្អែកយ៉ាង​ខ្លាំង​ក្លា ។

គួរបញ្ជាក់ផងដែរថា យោងតាម​ការ​អភិវឌ្ឍ​យ៉ាង​ផុលផុស​របស់​ឧស្សាហកម្ម​ងើបឡើងថ្មី ដូច​ជា​បញ្ញាសិប្បនិម្មិត​ និង​បៃតង​កាបូនទាបជាដើ​ម​ កម្លាំង​ចលករ​របស់​សេដ្ឋកិច្ច​ចិន​បាន​និង​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ។ ក្នុង​រយៈពេល​៧​ខែ​ដំបូង​ឆ្នាំ​នេះ អត្រា​រួមចំណែក​របស់​កម្លាំង​ចលករ​ថ្មី​ចំពោះ​កំណើន​ឧស្សាហកម្ម​ បាន​ឡើង​ដល់​៥០ភាគរយ ការផលិតមនុស្សយន្តឧស្សាហកម្ម បានកើនឡើង ២៨,៥ភាគរយ ការផលិតឧបករណ៍បោះពុម្ព 3D និងថ្មលីចូម បានកើនឡើង ៥២,៣ភាគរយ និង ៤០,២ភាគរយ ដោយ​ឡែក​ពីគ្នា​បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំណែកឯការលក់ដូរ​របស់​រថ​យន្តថាមពលថ្មីបាន​លើសពី៥០ភាគរយ ហើយការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានកើនឡើង ៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ល។ ទិន្នន័យ​មួយ​ចំនួន​នេះបាន​បង្ហាញថា ឧស្សាហកម្ម​កម្មន្តសាលរបស់​ចិន​បាន​ពន្លឿន​ធ្វើ​បរិវត្តកម្មទៅកាន់​ខ្សែសង្វាក់​ឧស្សាហកម្ម ​និង​ខ្សែសង្វាក់​តម្លៃ​កម្រិត​ខ្ពស់​និង​មធ្យម​ ​ កម្លាំង​ចលករ​ថ្មីមានតួនាទី​បង្អែក​កាន់តែខ្លាំង​ឡើង​ៗ​ចំពោះការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។

ក្រៅពីនេះ “ភាពធន់​”របស់​សេដ្ឋកិច្ច​ចិន​ក៏ធ្វើ​ឱ្យ​អ្នក​ផង​ទាំង​ពួង​មាន​ចំណាប់អារម្មណ៍​យ៉ាងជ្រាល​ជ្រៅ ។ សូម​យក​ពាណិជ្ជកម្ម​អន្តរជាតិ​ជា​ឧទាហរណ៍ ប្រឈ​មមុខ​នឹង​ការ​សាកល្បង​ ដូច​ជាភាពមិនប្រាកដប្រជាពីខាងក្រៅបានកាន់តែច្រើន​ឡើង​​ និងគាំពារនិយម​​មាន​ភាព​កើន​ឡើង​ជាដើម​ ទំហំពាណិជ្ជកម្មខាងការនាំចេញ-នាំចូលសរុបរបស់ចិនក្នុង​រយៈពេល​៧ខែ​ ដំបូង​ឆ្នាំ​នេះ បាន​កើន​ឡើង​១៧,៣ភាគរយ​ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពី​ឆ្នាំមុន ដែល​បាន​បង្ហាញឱ្យ​ឃើញនូវ​ភាពធន់​យ៉ាង​ខ្លាំង​ក្លា ហើយ​ក៏បាន​បំពេញបន្ថែមនូវស្ថិរភាព​ដ៏មាន​តម្លៃ​ដល់​សកល​លោក​។

បច្ចុប្ប​ន្ន​នេះ ស្ថានការណ៍អន្តរជាតិ​មាន​ភាពស្មុគស្មាញនិងតឹងរ៉ឹង តម្រូវ​ការ​ក្នុ​ងស្រុក​មិន​គ្រប់គ្រាន់​នៅតែជា​បញ្ហា​លេចធ្លោដដែល ហើយ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក៏​ប្រឈម​មុខ​នឹង​ហានិភ័យ ​និងការ​សាកល្បង​យ៉ាង​ច្រើន​ដែរ ។ ប៉ុន្តែ​បើ​សង្កេត​មើល​ដំណើរ​ការ​សេដ្ឋកិច្ច​ចិន​ក្នុង​រយៈពេល​៧ខែ ​ដំបូង​ឆ្នាំ​នេះអាច​ឃើញថា “ភាពនឹង​នរ​”នៃនិន្នាការ​ជា​ទូទៅ​របស់​​សេដ្ឋកិច្ច​ចិន​មិន​បាន​កែ​ប្រែនោះ​ទេ ។ ដូច​ការ​វិភាគ​របស់​កាសែត « The Sun» នៃ​ប្រទេសនីហ្សេរីយ៉ា​ ដែល​ថា នៅពេល​អនាគត “ឱកាស​ចិន​២.០” នឹង​ក្លាយ​ទៅជា “ឱកាសសកល​២.០” ហើយ​នឹង​ចែក​រំលែក​ភាគលាភ​កាន់តែច្រើន​ជា​មួយ​ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន