UKMTO៖ នាវាដឹកប្រេងមួយគ្រឿងនៅក្បែរឆ្នេរយេម៉ែន ត្រូវបានក្រុមប្រដាប់អាវុធឡើងគ្រប់គ្រង និងបង្វែរទិសដៅទៅកាន់សូម៉ាលី

20-08-2026 20:47

(ឌូបៃ)៖ ទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា នាវាដឹកប្រេងមួយគ្រឿងត្រូវបានមនុស្សប្រដាប់អាវុធចំនួន ៦នាក់ ឡើងជិះ និងដណ្តើមការគ្រប់គ្រង ព្រមទាំងបានបង្វែរទិសដៅនាវានោះឆ្ពោះទៅកាន់ប្រទេសសូម៉ាលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។

បើតាម UKMTO ហេតុការណ៍នេះបានកើតឡើងនៅចម្ងាយប្រមាណ ២៥២ គីឡូម៉ែត្រ (១៣៦ ម៉ាយល៍សមុទ្រ) នៅភាគខាងកើតនៃទីក្រុង Mukalla ប្រទេសយេម៉ែន ខណៈដែលនាវាដឹកប្រេងខាងលើកំពុងធ្វើដំណើរសំដៅទៅទិសខាងលិចនៅក្នុងឈូងសមុទ្រ Aden ហើយត្រូវបានទូកមួយគ្រឿងដែលគ្មានការអនុញ្ញាតបើកចូលមកកៀក និងឡើងជិះតែម្តង។

គួរបញ្ជាក់ថា ខាងទីភ្នាក់ងារ UKMTO មិនទាន់បានផ្តល់ព័ត៌មានលម្អិតបន្ថែម ឬបញ្ជាក់ថាតើនាវាដឹកប្រេង និងក្រុមនាវិកនៅលើនោះមានសុវត្ថិភាពយ៉ាងណានៅឡើយទេ៕