ចិន អះអាងថាយន្តហោះហ្វីលីពីនបាន «ឈ្លានពានខុសច្បាប់» ចូលដែនអាកាសលើកោះ Scarborough Shoal (Video inside)
21-08-2026 19:54
(ប៉េកាំង)៖ យោធាចិនបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានតាមដាន និងចេញការព្រមានដល់យន្តហោះធុនតូចរបស់ហ្វីលីពីនចំនួន ៣គ្រឿង ដែលបាន «ឈ្លានពានដោយខុសច្បាប់» ចូលទៅក្នុងដែនអាកាសលើកោះ Scarborough Shoal ដែលជាតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង ដោយគ្មានការអនុញ្ញាតពីទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាចិនបានគូសបញ្ជាក់ដូច្នេះថា «សកម្មភាពរបស់ភាគីហ្វីលីពីនបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសចិន និងអាចបង្កឱ្យមានការយល់ច្រឡំ ព្រមទាំងការវាយតម្លៃខុសឆ្គង។ យើងសូមព្រមានយ៉ាងម៉ឺងម៉ាត់ដល់ភាគីហ្វីលីពីន ឱ្យបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពាន និងសកម្មភាពបង្កហេតុទាំងនេះ»។
គួរបញ្ជាក់ថា ស្ថានទូតហ្វីលីពីនប្រចាំទីក្រុងប៉េកាំង មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅឡើយទេ ខណៈដែលតំបន់កោះ Scarborough Shoal តែងតែជាចំណុចក្តៅនៃភាពតានតឹងដែនសមុទ្ររវាងប្រទេសទាំងពីរ៕




