ឥណ្ឌូណេស៉ី និងចិន ព្រមព្រៀងពង្រីកសមយុទ្ធរួម និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាយោធា (Video inside)
21-08-2026 23:01
(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៉ី និងចិន នៅថ្ងៃសុក្រនេះ បានព្រមព្រៀងគ្នាក្នុងការពង្រីកការធ្វើសមយុទ្ធយោធារួមគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការផ្ទេរបច្ចេកវិទ្យាយោធា នៅក្នុងកិច្ចចរចាកម្រិតរដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃប្រទេសទាំងពីរនៅរដ្ឋធានីហ្សាការតា។ នេះបើតាមការចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
តាមរយៈកិច្ចប្រជុំទម្រង់ ២+២ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៉ី លោក Sjafrie Sjamsoeddin បានគូសបញ្ជាក់ថា ភាគីទាំងពីរនឹងបង្កើនការបណ្តុះបណ្តាលយោធារួមគ្នា និងការផ្ទេរបច្ចេកវិទ្យាយោធាដល់ក្រុមហ៊ុនផលិតអាវុធរដ្ឋ Pindad នៅឆ្នាំ២០២៧។ ដោយឡែក រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះនឹង «រួមគ្នាទប់ស្កាត់ចេតនាអាក្រក់របស់មហាអំណាចបរទេស» និងបង្កើតគំរូថ្មីនៃវិស័យការពារជាតិសម្រាប់បណ្តាប្រទេសក្នុងតំបន់សកលលោកខាងត្បូង (Global South)។
គួរបញ្ជាក់ថា ទោះបីជាបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយចិនក៏ដោយ ឥណ្ឌូណេស៉ីនៅតែបន្តរក្សាគោលនយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធ ដោយរក្សាតុល្យភាពរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន ខណៈដែលឥណ្ឌូណេស៉ីក៏ត្រៀមធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធយោធា Super Garuda Shield ជាមួយសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយផងដែរ៕




