លោក ត្រាំ អះអាងថាអ៉ីរ៉ង់មិនទាន់ត្រៀមខ្លួន ដើម្បីចុះកិច្ចព្រមព្រៀងដ៏ល្អមួយនោះទេ
22-08-2026 11:50
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ ថាទីក្រុងតេហេរ៉ង់មិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីចុះកិច្ចព្រមព្រៀងដ៏ល្អមួយ នោះទេ ហើយថាទីក្រុងវ៉ាស៊ីនតោនកំពុងតាមដានអ្វីដែលកំពុងកើតឡើងក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ត្រាំ ក៏បានអះអាងដែរពីការគ្រប់គ្រងលើច្រកសមុទ្រ Hormuz។ «យើងបានគ្រប់គ្រងទាំងស្រុងលើតំបន់ទាំងមូលដែលមានជាប់ពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz ហើយនេះមានន័យថាយើងកំពុងគ្រប់គ្រងរួមទាំងតំបន់ដីគោកស្ថិតនៅក្បែរច្រកសមុទ្រនេះ។ បើតាមគំនិតរបស់ខ្ញុំ ពួកគេ (អ៉ីរ៉ង់) គួរតែចុះកិច្ចព្រមព្រៀងមួយ ប៉ុន្តែពួកគេមិនទាន់ ត្រៀមខ្លួនរួចរាល់ទេដើម្បីចុះកិច្ចព្រមព្រៀងដ៏ល្អមួយ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក្នុងសប្ដាហ៍នេះបានប្រកាសពីការធ្វើយុទ្ធនាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមួយមិនធ្លាប់មានប្រឆាំងនឹងអ៉ីរ៉ង់ ជាមួយការព្រមានពីផលវិបាកចំពោះ ប្រទេសណាដែលជួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់។ អ៉ីរ៉ង់វិញបានព្រមានថានឹងប្រើជម្រើសយោធាដើម្បីសងសឹកទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕








