សហរដ្ឋអាមេរិក ដំឡើងពន្ធគយ ៥០ភាគរយលើទំនិញមួយចំនួនរបស់កាណាដា ក្រោយកិច្ចចរចាពាណិជ្ជកម្មបរាជ័យ (Video inside)
22-08-2026 14:06
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ បានដំឡើងពន្ធគយ៥០ភាគរយលើទំនិញមួយចំនួនរបស់កាណាដា បន្ទាប់ពីសម្ព័ន្ធយូរអង្វែងទាំង២ មិនអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកជុំវិញបរាជ័យនៃកិច្ចចរចាជាច្រើនថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការដំឡើងពន្ធគយថ្មីនេះបានគូសបញ្ជាក់ពីការកើនឡើងភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រធានាធិបតី លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ហើយវាអាចនឹងធ្វើឱ្យកិច្ចចរចាលើការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាមេរិក ម៉ិកស៉ិក និងកាណាដា កាន់តែលំបាក។ លោក Mark Carney បាននិយាយថារូបលោកបានផ្អាកកិច្ចចរចាពាណិជ្ជកម្ម ហើយថាកាណាដានឹងចាត់វិធានការឆ្លើយតបទៅនឹងការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក។ «ខ្ញុំបានសម្រេចចិត្តផ្អាកកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងបានណែនាំឱ្យក្រុមអ្នកចរចារបស់កាណាដាធ្វើដំណើរត្រឡប់មកកាន់ទីក្រុងអូតាវ៉ាវិញ»។ នេះជាការគូសបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីកាណាដា។
គួរបញ្ជាក់ថា ប៉ុន្មានម៉ោងមុននឹងការប្រកាសផ្អាកកិច្ចចរចា មានសេចក្ដីរាយការណ៍ជាច្រើនថាសហរដ្ឋអាមេរិក និងកាណាដា ខិតជិតឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលនឹងបញ្ចុះ ពន្ធគយលើដែកថែប អាលុយមីញ៉ូម និងរថយន្ដ៕







