ប្រធានាធិបតីអ៉ីរ៉ង់៖ ដល់ពេលត្រូវបញ្ចប់សង្រ្គាមជាមួយសហរដ្ឋអាមេរិក ដ្បិតអ៉ីរ៉ង់កំពុងស្ថិតក្នុងគោលជំហររឹងមាំ (Video inside)
22-08-2026 16:57
(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ បាននិយាយថាវាដល់ពេលហើយដែលត្រូវបិទបញ្ចប់សង្រ្គាមជាមួយសហរដ្ឋអាមេរិក ក៏ព្រោះតែឥលូវ តេហេរ៉ង់ហាក់ស្ថិតក្នុងគោលជំហររឹងមាំជាងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
កិច្ចចរចារវាងគូសត្រូវទាំង២ ត្រូវបានផ្អាក រីឯសង្រ្គាមផ្ដើមដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលកាលពីខែកុម្ភៈក៏កន្លងទៅបានស្ថិតក្នុងស្ថានភាពជាប់គាំង។ អ៉ីរ៉ង់កំពុងអនុវត្តការបិទខ្ទប់ផ្នែកខ្លះនៃច្រកសមុទ្រ Hormuz ខណៈសហរដ្ឋអាមេរិកបន្តអនុវត្តការបិទខ្ទប់មិនឱ្យកប៉ាល់ចេញចូលកំពង់ផែអ៉ីរ៉ង់។
នៅក្នុងជំនួបជាមួយក្រុមវេជ្ជបណ្ឌិតអ៉ីរ៉ង់ លោក Pezeshkian បានគូសបញ្ជាក់ដូច្នេះថា «នេះជាពេលវេលាល្អមួយដែលយើងត្រូវបិទបញ្ចប់សង្រ្គាម ស្របពេលបច្ចុប្បន្នយើងកំពុងស្ថិតក្នុងគោលជំហររឹងមាំ និងប្រកបដោយភាពថ្លៃថ្នូរ»។ លោកបន្ថែមថា «ពិភពលោកទាំងមូលបានទទួលស្គាល់ពីជ័យជម្នះរបស់យើង និងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើសាលារៀនរបស់យើង មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធ ដោយរំលោភបំពានលើច្បាប់អន្តរជាតិ និងត្រូវបានគេស្អប់នៅជុំវិញពិភពលោក»។
គួរបញ្ជាក់ថា លោក Pezeshkian ក៏បានការពារផងដែរអនុស្សារណយោគយល់ជាមួយសហរដ្ឋអាមេរិក កាលពីខែមិថុនា ដែលមានគោលដៅបិទបញ្ចប់សង្រ្គាម ដោយទទូចថាការចុះអនុស្សារណយោគយល់គ្នានេះមិនមែនជាការឱ្យសញ្ញាពីបរាជ័យសម្រាប់តេហេរ៉ង់នោះទេ៕




