ដ្រូនអ៊ុយក្រែន វាយប្រហារតំបន់នានារបស់រុស្ស៉ី បណ្តាលឱ្យមានមនុស្សស្លាប់ និងត្រូវចំឃ្លាំងទំនិញក្រុមហ៊ុនលក់តាមអនឡាញដ៏ធំមួយ (Video inside)
22-08-2026 20:11
(កៀវ)៖ យោងតាមមន្រ្តីក្នុងតំបន់ យន្តហោះដ្រូនអ៊ុយក្រែនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់អំឡុងការវាយប្រហារជាបន្តបន្ទាប់ទៅលើរុស្ស៉ី ដោយក្នុងនោះប៉ះចំឃ្លាំងទំនិញមួយរបស់ក្រុមហ៊ុនលក់ទំនិញតាមអនឡាញ Ozon និងទីតាំងឧស្សាហកម្មមួយនៅក្នុងតំបន់ Samara ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦។
លោក Vyacheslav Fedorishchev អភិបាលតំបន់ Samara បានឱ្យដឹងថា មនុស្សមួយចំនួនបានរងរបួសនៅក្នុងការវាយប្រហារទាំងនោះ។ លោកមិនបានបញ្ជាក់ឈ្មោះនៃទីតាំងឧស្សាហកម្មដែលរងការវាយប្រហារនោះទេ ប៉ុន្តែយោធាអ៊ុយក្រែនអះអាងថា ខ្លួនបានវាយប្រហាររោងចក្រចម្រាញ់ប្រេង Novokuibyshevsk នៅក្នុងតំបន់នោះបណ្តាលឱ្យឆេះ។
Ozon ដែលជាក្រុមហ៊ុនលក់រាយតាមអនឡាញធំទីពីររបស់រុស្ស៉ី បានប្រកាសតាមបណ្តាញ Telegram ថាសកម្មភាពការងារនៅមជ្ឈមណ្ឌលដឹកជញ្ជូន និងចែកចាយទំនិញរបស់ខ្លួននៅទីក្រុង Chapayevsk ក្នុងតំបន់ Samara ត្រូវផ្អាក បន្ទាប់ពីមានការវាយប្រហារមួយដែលក្រុមហ៊ុនបញ្ជាក់ថាបានបណ្តាលឱ្យមានអ្នករងរបួស។
នៅតំបន់ Krasnodar ភាគខាងត្បូងប្រទេសរុស្ស៉ីវិញ អភិបាលតំបន់ លោក Veniamin Kondratyev បានឱ្យដឹងថា កុមារ ២នាក់បានស្លាប់ និងមនុស្សពេញវ័យ ២នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារមួយលើទីក្រុងកំពង់ផែ Yeysk ដែលស្ថិតនៅជាប់សមុទ្រ Azov ហេីយមានអគ្គិភ័យមួយនៅទីនោះ។ អភិបាលតំបន់ Belgorod របស់រុស្ស៉ី ជាប់ព្រំប្រទល់អ៊ុយក្រែន បានឱ្យដឹងថា មនុស្ស ២នាក់បានស្លាប់ និង ១៣នាក់រងរបួស ។ ចំណែកអភិបាលតំបន់ Bryansk ជាប់ព្រំដែនមួយទៀតនោះ បានឱ្យដឹងថា មនុស្ស ៤នាក់បានរងរបួស។ នៅ តំបន់ Luhansk ភាគខាងកើតប្រទេសអ៊ុយក្រែន ដែលទឹកដីស្ទើរតែទាំងអស់ត្រូវបានគ្រប់គ្រងដោយរុស្ស៉ី មានពលរដ្ឋស៊ីវិល ២នាក់បានស្លាប់ និង ៩នាក់ទៀតរងរបួស។
ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនសរុបចំនួន ៤៥៧គ្រឿង កាលពីយប់៕




