រុស្ស៉ី បង្កេីនការវាយប្រហារអ៊ុយក្រែន បណ្តាលឱ្យមនុស្សស្លាប់ និងត្រូវចំទីតាំងផ្សារទំនេីបមួយកន្លែង (Video inside)
22-08-2026 21:25
(មូស្គូ)៖ អាជ្ញាធរអ៊ុយក្រែន បានឱ្យដឹងថា មនុស្ស ១៦នាក់បានស្លាប់ និងច្រេីនជាង ១៣០នាក់រងរបួសកាលពីថ្ងៃសុក្រ នៅពេលដែលយន្តហោះដ្រូនរុស្ស៉ីជាច្រើនគ្រឿង វាយប្រហារមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ នៅភាគកណ្តាលប្រទេស។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦។
ដោយបង្ហោះរូបភាពផ្សែងខ្មៅហុយចេញពីអគារឧស្សាហកម្មធំមួយ អភិបាលតំបន់ លោក Oleksandr Hanzha បាននិយាយថា កុមារចំនួន ២២នាក់ស្ថិតក្នុងចំណោមអ្នករងរបួសនៅក្នុងការវាយប្រហារពេលថ្ងៃលើទីក្រុង Kryvyi Rih ដែលជាស្រុកកំណើតរបស់ លោក ហ្សេលេនស្គី។ ក្នុងការធ្វេីបច្ចុប្បន្នភាពព្រឹកថ្ងៃសៅរ៍នេះ លោក Hanzha បានឱ្យដឹងថា មនុស្សចំនួន ៩នាក់ត្រូវបានចាត់ទុកជាបឋមថាបានបាត់ខ្លួន ដែលក្នុងនោះរួមមានកុមារ ២នាក់ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងបន្តការសម្អាតគំនរបាក់បែកនៃមជ្ឈមណ្ឌលពាណិជ្ជកម្មនោះ។
លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានហៅការវាយប្រហារនេះថាជាទង្វើ «ឃោរឃៅ និងគួរឱ្យស្អប់ខ្ពើមបំផុត» ដោយលើកឡើងថាដ្រូនទីពីររបស់រុស្ស៉ីបានវាយប្រហារមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅកន្លះម៉ោងបន្ទាប់ពីការវាយប្រហារលើកទីមួយ ដែលលោកចាត់ទុកថាជាចេតនាក្នុងការកំណត់គោលដៅវាយប្រហារទៅលើក្រុមសង្គ្រោះបន្ទាន់។ លោកបានសន្យាថានឹងមានការឆ្លើយតបចំពោះអ្វីទង្វើដ៏នេះ។
គួរបញ្ជាក់ថា អ៊ុយក្រែនក៏បានបង្កើនការវាយប្រហាររបស់ខ្លួនទៅលើរុស្ស៉ីផងដែរ ដោយកំណត់គោលដៅលើកន្លែងផលិត និងស្តុកប្រេង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីព្យាយាមធ្វើឱ្យសមត្ថភាពធ្វើសង្គ្រាមរបស់មូស្គូ ចុះខ្សោយ៕







